ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំកម្មវិធី “សង្រ្កាន្តអម្រឹត”ដោយមានការផ្សារភ្ជាប់ជាមួយ នឹងការគោរពដឹងគុណ និងការគាំទ្រដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិ តាមបណ្តោយព្រំដែន។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំមូលដ្ឋាន មេបញ្ជាការ នាយទាហាន ពលទាហាន និងភាគីពាក់ព័ន្ធជាច្រើន ដោយមានការចូលរួមពីតំណាងគ្រឹះស្ថាន អម្រឹត ដែលដឹកនាំដោយអ្នកស្រី លឹម សុផា នាយិកាប្រតិបត្តិការ និងលោក សន ចាន់រស្មី នាយកអង្គភាពធនធានមនុស្ស តំណាង លោកអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។ ក្នុងន័យនៃការចូលរួមចំណែកសង្គម និងការគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គណៈគ្រប់គ្រងអម្រឹត បាននាំយកអំណោយ សម្ភារៈគ្រឿងឧបភោគបរិភោគចាំបាច់ និងថវិការមួយចំនួន សរុបប្រមាណ ៣៣លានរៀល ដើម្បីផ្តល់ជូនដល់វីរៈកងទ័ពជួរមុខ។

ការរៀបចំកម្មវិធីសប្បុរសធម៌នេះ មិនមែនជាលើកទីមួយឡើយដែល អម្រឹត បានចុះទៅដល់តំបន់ព្រំដែន ចូលរួមក្នុងសកម្មភាពសង្គម ដើម្បីគាំទ្រដល់វីរៈកងទ័ព និងប្រជាជន ដែលរស់នៅក្នុងតំបន់ដែលមានការលំបាក។ ការចូលរួមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័ន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងការពង្រឹងស្មារតីសាមគ្គីជាតិ។
ជាមួយគ្នានេះផងដែរ អម្រឹតនៅតែបន្តរៀបចំកម្មវិធីសង្រ្កាន្តនៅស្នាក់ការកណ្តាល តាមស្នាក់ការតំបន់ និងសាខាទាំងអស់ ទូទាំងប្រទេស ដើម្បីអភិរក្ស និងលើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ ឱ្យកាន់តែរឹងមាំ និងបន្តទៅជំនាន់ក្រោយ។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕