«១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់»៖ អម្រឹតបន្តសហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការអាន និងចំណេះដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ
Oct 28, 2026
ភ្នំពេញ, កម្ពុជា៖ អម្រឹតបន្តពង្រឹងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (Sosoro Museum) និងអង្គការ Sipar Cambodia តាមរយៈគំនិតផ្តួចផ្តើម «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាន និងបង្កើនការយល់ដឹងរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្ត្រ និងការវិវត្តនៃរូបិយវត្ថុខ្មែរតាមសម័យកាល។
ជាផ្នែកមួយនៃកិច្ចសហការនេះ អម្រឹតបានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី៣ ទៅកាន់សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (Sosoro Museum) ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន ២០០នាក់ និងលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចនេះផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការស្វែងយល់ និងទទួលបានបទពិសោធន៍សិក្សាផ្ទាល់អំពីប្រធានបទសំខាន់ៗ រួមមាន៖

សារៈសំខាន់នៃការអាន និងការសិក្សា៖ ជំរុញទម្លាប់អាន និងការស្វែងរកចំណេះដឹងបន្ថែមក្រៅពីការសិក្សាក្នុងថ្នាក់រៀន។
ប្រវត្តិសាស្ត្រខ្មែរជាង ២,០០០ឆ្នាំ៖ ស្វែងយល់ពីដំណើរវិវត្តនៃអរិយធម៌ និងមរតកប្រវត្តិសាស្ត្រខ្មែរ។
ការវិវត្តនៃសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ៖ ស្វែងយល់ពីការផ្លាស់ប្តូរនៃប្រព័ន្ធរូបិយវត្ថុ និងសារៈសំខាន់នៃការអភិរក្សមរតកប្រវត្តិសាស្ត្រជាតិ។
ដំណើរទស្សនកិច្ចសិក្សានេះមិនត្រឹមតែជាឱកាសសម្រាប់សិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់ការសិក្សាតាមបែបប្រពៃណីទៅនឹងបទពិសោធន៍ជាក់ស្តែង តាមរយៈការសង្កេត ស្វែងយល់ និងស្វែងរកចំណេះដឹងពីវត្ថុតាំងបង្ហាញ និងឯកសារប្រវត្តិសាស្ត្រនៅក្នុងសារមន្ទីរ។
ក្រោមគំនិតផ្តួចផ្តើមនេះ អម្រឹតមានផែនការបន្តរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សមកពីតាមបណ្តាខេត្តនានា ឱ្យបានសរុបចំនួន **១០,០០០នាក់ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ** ដើម្បីពង្រីកឱកាសសិក្សាក្រៅថ្នាក់រៀន និងជំរុញឱ្យយុវជនកម្ពុជាកាន់តែស្គាល់ និងយល់ដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ និងមរតកជាតិរបស់ខ្លួន។
អម្រឹតជឿជាក់ថា ការអប់រំ ការអាន និងការយល់ដឹងអំពីប្រវត្តិសាស្ត្រជាតិ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកសាងសង្គមប្រកបដោយចំណេះដឹង។ តាមរយៈកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ អម្រឹតប្តេជ្ញាបន្តចូលរួមបង្កើតឱកាសសិក្សា និងបទពិសោធន៍ថ្មីៗសម្រាប់កុមារ និងយុវជនកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
អម្រឹត រួមចំណែកបង្កើតឱកាសសិក្សា និងកសាងអនាគតប្រកបដោយចំណេះដឹងសម្រាប់យុវជនកម្ពុជា។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Oct 27, 2026
Oct 26, 2026