• Home
  • ព័ត៌មាន
  • អម្រឹត និង Sisters of Code រួមគ្នាលើកកម្ពស់ជំនាញឌីជីថល និងចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ក្មេងស្រី និងយុវនារីកម្ពុជា

អម្រឹត និង Sisters of Code រួមគ្នាលើកកម្ពស់ជំនាញឌីជីថល និងចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ក្មេងស្រី និងយុវនារីកម្ពុជា

Nov 17, 2026

ភ្នំពេញ, កម្ពុជា៖ អម្រឹត និង Sisters of Code បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីរួមគ្នាពង្រីកឱកាសឱ្យក្មេងស្រី និងយុវនារីកម្ពុជាទទួលបានការអប់រំ ជំនាញឌីជីថល និងចំណេះដឹងមូលដ្ឋានអំពីហិរញ្ញវត្ថុឌីជីថល។ តាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរ នឹងរៀបចំវគ្គបណ្តុះបណ្តាល និងផ្តល់ជំនាញជាក់ស្តែង ដើម្បីជួយឱ្យក្មេងស្រី និងយុវនារីកម្ពុជា បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល អភិវឌ្ឍជំនាញបច្ចេកទេស និងបង្កើនទំនុកចិត្ត។ ចំណេះដឹង និងជំនាញទាំងនេះ នឹងជួយឱ្យពួកគេត្រៀមខ្លួនបានល្អប្រសើរសម្រាប់ឱកាសសិក្សា និងការងារនាពេលអនាគត និង ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឌីជីថល។

 

លោក Jonathan Kuo នាយកប្រតិបត្តិ នៃគ្រឹះស្ថាន អម្រឹត មានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការនេះ បង្ហាញពីការប្តេជ្ញារួមរបស់អម្រឹត និងម្ចាស់ភាគហ៊ុនធំរបស់យើង គឺធនាគារ សាយណូផែក (Bank SinoPac) ក្នុងការចូលរួមគាំទ្រវិស័យអប់រំ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកអភិវឌ្ឍសហគមន៍។ ជាពិសេស យើងខ្ញុំ ផ្តោតលើការផ្តល់អំណាចដល់ក្មេងស្រី និងយុវនារីកម្ពុជា តាមរយៈការពង្រីកឱកាសសិក្សា ការអភិវឌ្ឍសមត្ថភាព និងការចូលរួមយ៉ាងសកម្មក្នុងសង្គម និងសេដ្ឋកិច្ចឌីជីថល។ យើងខ្ញុំ ជឿជាក់ថា ការវិនិយោគលើជំនាញ ចំណេះដឹង និងទំនុកចិត្តរបស់ក្មេងស្រី និងយុវនារី គឺមានសារៈសំខាន់ក្នុងការកសាងសង្គមមួយដែលមានបរិយាបន្ន សមធម៌ និងប្រកបដោយចីរភាព»។

 

ភាពជាដៃគូនេះ គឺជាផ្នែកមួយនៃគម្រោង «ចំណេះដឹងមូលដ្ឋាននៃហិរញ្ញវត្ថុឌីជីថលសម្រាប់ក្មេងស្រី» (Digital Finance Basics for Girls) ដែលអនុវត្តតាមរយៈកម្មវិធី MIT Solve របស់វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology – MIT) និងទទួលបានការគាំទ្រពីធនាគារ សាយណូផែក (Bank SinoPac)។ គម្រោងនេះមានគោលបំណងផ្តល់ចំណេះដឹង និងជំនាញជាក់ស្តែងដល់ក្មេងស្រី និងយុវនារី ដើម្បីឱ្យពួកគេអាចប្រើប្រាស់បច្ចេកវិទ្យា និងសេវាហិរញ្ញវត្ថុឌីជីថលបានដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានការទទួលខុសត្រូវ។

 

Sisters of Code គឺជាកម្មវិធីអប់រំមិនរកប្រាក់ចំណេញមួយរបស់វិទ្យាស្ថាន អាយធី អេឃឺដឹមី ស្ទេប (IT Academy STEP) ។ នៅឆ្នាំ២០២០ Sisters of Code ត្រូវបាន MIT Solve របស់វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology – MIT) ទទួលស្គាល់ជា​ MIT Solve Solver ហើយនៅឆ្នាំ២០២៦ កម្មវិធីនេះត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោង «ចំណេះដឹងមូលដ្ឋាននៃហិរញ្ញវត្ថុឌីជីថលសម្រាប់ក្មេងស្រី» នៅកម្ពុជា។ ក្នុងក្របខណ្ឌនៃកិច្ចសហការនេះ Sisters of Code នឹងរៀបចំវគ្គបណ្តុះបណ្តាលលើហិរញ្ញវត្ថុឌីជីថលដល់ក្មេងស្រី និងយុវនារីកម្ពុជា ជាមួយបរិយាកាសសិក្សាមួយប្រកបដោយបរិយាបន្ន និងការគាំទ្រគ្នាទៅវិញទៅមក។

លោកស្រី Natalja Rodionova នាយិកាគ្រប់គ្រងវិទ្យាស្ថាន IT Academy STEP និងជាស្ថាបនិក Sisters of Code មានប្រសាសន៍ថា៖

«ជាប្រពៃណី នៅក្នុងគ្រួសារកម្ពុជាជាច្រើន ស្ត្រីជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ។ ដូច្នេះ ការអប់រំផ្នែកឌីជីថល និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់ក្មេងស្រី និងយុវនារី មានសារៈសំខាន់យ៉ាងខ្លាំង។ កម្មវិធីនេះ មិនត្រឹមតែជួយបង្កើនទំនុកចិត្តរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ផលវិជ្ជមានដល់គ្រួសារ និងសហគមន៍របស់ពួកគេផងដែរ តាមរយៈការចែករំលែកចំណេះដឹងដែលពួកគេទទួលបាន។

យើងខ្ញុំ មានកិត្តិយសដែលត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងនេះ ហើយមានសេចក្តីសោមនស្សដែលបានចាប់ដៃគូជាមួយអម្រឹត។ តាមរយៈភាពជាដៃគូនេះ អម្រឹត នឹងចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញជាក់ស្តែងជាមួយក្មេងស្រី និងយុវនារីដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិក្ខាកាមនីមួយៗនឹងអាចរៀបចំ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កំណត់គោលដៅ   

 

ហិរញ្ញវត្ថុ តាមដានការចំណាយ និងស្វែងយល់បន្ថែមអំពីឥណទាន ឬប្រាក់កម្ចី ។ ពួកគេ ក៏នឹងទទួលបានចំណេះដឹងអំពីការប្រើប្រាស់

បច្ចេកវិទ្យា និង​អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ព្រមទាំងវិធីការពារខ្លួនពីហានិភ័យនៅក្នុងបរិយាកាសឌីជីថល»។

 

តាមរយៈភាពជាដៃគូនេះ អម្រឹត និង Sisters of Code ប្តេជ្ញារួមគ្នាគាំទ្រការអភិវឌ្ឍចំណេះដឹង និងជំនាញរបស់យុវជនកម្ពុជា។ កិច្ចសហការនេះមានគោលបំណងពង្រីកឱកាសឱ្យពួកគេទទួលបានជំនាញចាំបាច់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងសេដ្ឋកិច្ចឌីជីថល។ ជាពិសេស កិច្ចសហការនេះនឹងជួយលើកកម្ពស់ក្មេងស្រី និងយុវនារីកម្ពុជា ឱ្យក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គម តាមរយៈការពង្រឹងចំណេះដឹង សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់ពួកគេ ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។

 

អំពីអម្រឹត

អម្រឹត ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលមានប្រតិបត្តិការជាង ៣៥ ឆ្នាំ និងបានចូលរួមចំណែកជាវិជ្ជមានដល់សង្គម។ បច្ចុប្បន្ន អម្រឹតកំពុងបម្រើអតិថិជនជិតមួយលាននាក់ តាមរយៈបណ្តាញសាខាចំនួន ១៥០ ទូទាំងប្រទេសកម្ពុជា ដោយមាន

ការគាំទ្រពីបុគ្គលិកជាង ៤,៧០០ នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ អម្រឹតមានទ្រព្យសកម្មសរុបជាង ២ ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសរុបលើសពី ១,៥ ពាន់លានដុល្លារអាមេរិក និងផលប័ត្រឥណទានប្រមាណជាង ១,៧ ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៥ អម្រឹត បានជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស ពីអគ្គនាយកដ្ឋានពន្ធដារ។ លើសពីនេះ អម្រឹតក៏ទទួលបានវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាស (Gold-Level Client Protection Certification) ពី MFR ដែលជាស្ថាប័នវាយតម្លៃឯករាជ្យលំដាប់អន្តរជាតិផងដែរ។

 

អំពី Sisters of Code

Sisters of Code គឺជាក្លឹបសរសេរកូដស្រ្តីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១៩។ កម្មវិធីអប់រំ មិនស្វែងរកប្រាក់ចំណេញនេះ​ ត្រូវបានផ្តួចផ្តើមឡើងដោយ វិទ្យាស្ថាន​ អាយ​ធី អេឃឺដឹមី ស្ទេប (IT Academy STEP) ក្នុងគោលបំណងជួយឲ្យក្មេងស្រីមានទំនុកចិត្តក្នុងការសិក្សាផ្នែកបច្ចេកវិទ្យា និងស្វែងរកឃើញសក្ខានុពលពិតប្រាកដរបស់ពួកគេ។ ចាប់តាំងពីពេលបង្កើតឡើងមក Sisters of Code បានបណ្តុះបណ្តាលសិស្សស្រីជាង ១,៥០០ នាក់ នៅទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ កម្មវិធីនេះបានផ្តល់ការបណ្តុះបណ្តាលដល់ក្មេងស្រី និងយុវនារីលើ ជំនាញសរសេរកូដ និងជំនាញឌីជីថល ចំណេះដឹងអំពីបញ្ញាសិប្បនិម្មិត និងភាពជាអ្នកដឹកនាំ ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញក្នុងការចូលរួម ជំរុញ និងដឹកនាំដំណើរការបដិវត្តកម្មឌីជីថលរបស់កម្ពុជា។ Sisters of Code ត្រូវបានទទួលស្កាល់ទាំងក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ចំពោះផលជះវិជ្ជមាន និងវិធីសាស្រ្តអនុវត្តកម្មវិធីប្រកបដោយបរិយាបន្ន។ នៅឆ្នាំ២០២៥ កម្មវិធីនេះបានឈ្នះពានរង្វាន់  Best Digital Inclusion Award ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា លើកទី១១ (Cambodia Digital Awards) ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ តាមរយៈការអប់រំ និងការកសាងទំនុកចិត្ត Sisters of Code ជឿជាក់ថា បច្ចេកវិទ្យាមិនមែនជាឯកសិទ្ធិសម្រាប់តែមនុស្សមួយក្រុមនោះទេ ប៉ុន្តែជាឱកាសស្មើភាពគ្នាសម្រាប់ទាំងអស់គ្នា។

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ