អម្រឹត ទទួលបានពានរង្វាន់ «ផលិតផលសេវាហិរញ្ញវត្ថុច្នៃប្រឌិតល្អបំផុតប្រចាំឆ្នាំ» សម្រាប់ «គណនីក្មេងឆ្លាត» ក្នុងកម្មវិធី Asian Innovation Excellence Awards ២០២៦
Nov 10, 2026
ភ្នំពេញ, កម្ពុជា៖ អម្រឹត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា និងមានប្រតិបត្តិការអស់រយៈពេលជាង ៣៥ ឆ្នាំ បានទទួលពានរង្វាន់ «ផលិតផលសេវាហិរញ្ញវត្ថុច្នៃប្រឌិតល្អបំផុតប្រចាំឆ្នាំ ក្នុងវិស័យសេវាហិរញ្ញវត្ថុ » សម្រាប់ «គណនីក្មេងឆ្លាត» ក្នុងកម្មវិធី Asian Innovation Excellence Awards 2026 ដែលរៀបចំឡើងដោយទស្សនាវដ្តីធុរកិច្ចតំបន់អាស៊ី Asian Business Review ។
ពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះភាពច្នៃប្រឌិត និងគុណតម្លៃរបស់ «គណនីក្មេងឆ្លាត» ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់គ្រួសារកម្ពុជា។ តាមរយៈការលើកកម្ពស់ទម្លាប់សន្សំ និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ការអប់រំ «គណនីក្មេងឆ្លាត» ជួយឱ្យមាតាបិតាត្រៀមលក្ខណៈកាន់តែប្រសើរសម្រាប់អនាគតកូនៗ ពង្រឹងភាពធន់របស់គ្រួសារ និងបង្កើតឱកាសអភិវឌ្ឍសម្រាប់យុវជនជំនាន់ក្រោយ។
«គណនីក្មេងឆ្លាត» គឺជាគណនីសន្សំរួមរវាងមាតាបិតា និងកូនៗ ដែលផ្តល់អត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា និង លើកទឹកចិត្តឱ្យមានការសន្សំជាប្រចាំ ដោយអាចចាប់ផ្តើមសន្សំចាប់ពី ១.៥០០ រៀល ក្នុងមួយថ្ងៃ ឬ ជាង ៤.៥០០ រៀល ក្នុងមួយខែ ។ ក្នុងអំឡុងពេលសន្សំ អតិថិជនទទួលបានការការពារធានារ៉ាប់រងអាយុជីវិតរហូតដល់ ៤.០០០ ដុល្លារ ក្នុងករណីទទួលមរណភាព ឬបាត់បង់សមត្ថភាពបន្តការងារ។ លើសពីនេះ «គណនីក្មេងឆ្លាត» ក៏ផ្តល់រង្វាន់លើកទឹកចិត្តចំនួន ១.០០០ ដុល្លារ ជូនដល់កូនៗរបស់អតិថិជន ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសឆ្នើម។
ការទទួលបានពានរង្វាន់នេះ ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អម្រឹត ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានអត្ថន័យ និង រួមចំណែកកសាងអនាគតកាន់តែប្រសើរសម្រាប់គ្រួសារ និងសង្គមកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ពានរង្វាន់នេះ ផ្តល់ការទទួលស្គាល់ដល់ផលិតផល និងគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ដែលរួមចំណែកបង្កើតផលវិជ្ជមាន និង មានអត្ថន័យនៅទូទាំងតំបន់។
ការសន្សំប្រាក់ និងការរៀបចំផែនការហិរញ្ញវត្ថុ ដើម្បីគាំទ្រការសិក្សារបស់កូនៗ ជាពិសេសនៅកម្រិតឧត្តមសិក្សា គឺជាបញ្ហាប្រឈមមួយសម្រាប់គ្រួសារកម្ពុជាជាច្រើន ជាពិសេស គ្រួសារដែលរស់នៅតំបន់ជនបទ និង មានចំណូលទាប ដោយសារកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងមានលទ្ធភាពកំណត់ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាធានារ៉ាប់រង។ កត្តាទាំងនេះអាចធ្វើឱ្យគ្រួសារមួយចំនួន ជួបការលំបាកក្នុងការរៀបចំថវិកា សន្សំប្រាក់ជាប្រចាំ និង ត្រៀមលក្ខណៈហិរញ្ញវត្ថុសម្រាប់អនាគតរបស់កូនៗ។
![]()
ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះ និង ជាផ្នែកមួយនៃការអនុវត្តទំនួលខុសត្រូវសង្គមដែលផ្តោតលើវិស័យអប់រំ អម្រឹត បានដាក់ឱ្យដំណើរការ «គណនីក្មេងឆ្លាត» ក្នុងឆ្នាំ ២០២០ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុតាំងពីវ័យកុមារ ជំរុញការបង្កើតទម្លាប់សន្សំរយៈពេលវែង និងជួយគាំទ្រអតិថិជនក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ការសិក្សាកម្រិតឧត្តមសិក្សាកូនៗរបស់ពួកគេ។
«គណនីក្មេងឆ្លាត» មិនមែនជាគណនីសន្សំធម្មតាទេ ប៉ុន្តែជាមធ្យោបាយប្រែក្លាយការសន្សំតិចតួចប្រចាំថ្ងៃរបស់គ្រួសារ ទៅជាការវិនិយោគរយៈពេលវែងលើការអប់រំ និងអនាគតរបស់យុវជនកម្ពុជា។ ក្នុងរយៈពេលជាង ៦ឆ្នាំ កន្លងមកនេះ អម្រឹត មានមោទនភាព បានក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការគាំទ្រគ្រួសារកម្ពុជា ឱ្យអាចរៀបចំអនាគតហិរញ្ញវត្ថុសម្រាប់កូនៗបានកាន់តែប្រសើរ ជាពិសេសសម្រាប់អតិថិជនជាស្ត្រី ។ តាមរយៈ «គណនីក្មេងឆ្លាត» មាតាបិតា អាចរៀបចំផែនការសន្សំ និង ត្រៀមថវិកាសម្រាប់ការអប់រំរបស់កូនៗបានយ៉ាងមានប្រសិទ្ធភាព។ ផលិតផលនេះ មិនត្រឹមតែជំរុញឱ្យមានការសន្សំប្រាក់ជាប្រចាំ និងបង្កើតទម្លាប់សន្សំរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់មាតាបិតា ក្នុងការរៀបចំអនាគតរបស់កូនៗឱ្យកាន់តែមានសុវត្ថិភាព រួមចំណែកជួយគ្រួសារត្រៀមខ្លួនសម្រាប់ការសិក្សារបស់កូនៗ និងបង្កើតឱកាសឱ្យពួកគេឈានទៅរកអនាគតកាន់តែប្រសើរ។
អំពីអម្រឹត
អម្រឹត ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលមានប្រតិបត្តិការជាង ៣៥ ឆ្នាំ និងបានចូលរួមចំណែកជាវិជ្ជមានដល់សង្គម។ បច្ចុប្បន្ន អម្រឹតកំពុងបម្រើអតិថិជនជិត មួយលាននាក់ តាមរយៈបណ្តាញសាខាចំនួន ១៥០ ទូទាំងប្រទេសកម្ពុជា ដោយមានការគាំទ្រពីបុគ្គលិកជាង ៤.៧០០ នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ អម្រឹត មានទ្រព្យសកម្មសរុបជាង ២ ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសរុបលើសពី ១,៥ ពាន់លានដុល្លារអាមេរិក និងផលប័ត្រឥណទានប្រមាណជាង ១,៧ ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៥ អម្រឹត បានជាប់ចំណាត់ ថ្នាក់ទី ៧ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ
«កម្រិតមាស» ពីអគ្គនាយកដ្ឋានពន្ធដារ។ អម្រឹត ក៏ទទួលបានវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាស (Gold-Level Client Protection Certification) ពី MFR ដែលជាស្ថាប័នវាយតម្លៃឯករាជ្យលំដាប់អន្តរជាតិ។
Share To:
Oct 27, 2026
Oct 26, 2026