អម្រឹត ប្តេជ្ញាបន្តបេសកកម្មផ្តល់ឈាមដោយស្ម័គ្រចិត្ត ឲ្យបាន ២.០០០ សាក់ ដើម្បីសង្គ្រោះអាយុជីវិត នៅក្នុងឆ្នាំ២០២៦
Oct 01, 2025
កំពត, នាព្រឹកថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធី “បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ផ្តល់ឈាម ផ្តល់ជីវិត លើកទី១៣” ក្រោមអធិបតីភាពលោកជំទាវ មុយ វិរ័ត្ន អភិបាលរងខេត្ត នៃគណៈអភិបាល ខេត្តកំពត, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងលោកស្រី លឹម សុផា នាយិកា អង្គភាពប្រតិបត្តិអម្រឹត, ព្រមទាំងមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត, លោក- លោកស្រី ប្រធានមន្ទីរ សុខាភិបាល និងសាខាកាកបាទក្រហមខេត្ត ក៏ដូចជាអ្នកចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តប្រមាណ២០០ នាក់។
កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពីសារៈសំខាន់នៃការបរិច្ចាគឈាម ដល់សាធាណរជន ក៏ដូចជាបុគ្គលិករបស់អម្រឹត និងជាផ្នែកមួយ នៃការចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការបណ្តុះស្មារតី បង្កើតទម្លាប់ផ្តល់ឈាមឱ្យបានទៀតទាត់ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស។គិតត្រឹមខែតុលា ឆ្នាំ២០២៥ បុគ្គលិកអម្រឹតបានចូលរួមបរិច្ចាគឈាមចំនួន ១៤១៣សាក់ ផ្តល់់ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយបំពេញតម្រូវការឈាមសម្រាប់ការថែទាំសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ។
លោកស្រី លឹម សុផា នាយិការ អង្គភាពប្រតិបត្តិអម្រឹត បានថ្លែងក្នុងកម្មវិធី“បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ផ្តល់ឈាម ផ្តល់ជីវិត”ពីការបរិច្ចាគឈាម ដែលអម្រឹត បាននិងកំពុងជំរុញ និងគំាំទ្រយុទ្ធនា ដោយអម្រឹត ប្តេជ្ញាបន្តបេសកកម្មផ្តល់ឈាមដោយស្ម័គ្រចិត្ត ឲ្យបាន ២.០០០ សាក់ ដើម្បីសង្គ្រោះអាយុជីវិត នៅក្នុងឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានផ្តល់ជាអនុសាសន៍ ក្នុងការជំរុញលើកទឹកចិត្ត សកម្មភាពបរិច្ចាគឈាម ដែលការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ល្អប្រពៃសម្រាប់សង្គមជាតិ និងជាការប្រគល់ជូនដល់អ្នកដែលជួបគ្រោះថ្នាក់ដល់ជីវិត ប្រកបដោយសមធម៌ធ្វើអោយសង្គមជាតិមួយមានសុជីវធម៌ គុណធម៌ និវប្បធម៌ល្អ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងពាក្យ៖ “យុវជនយុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ”។
ជាកិច្ចបើក នៃកម្មវិធី លោកជំទាវ មុយ វិរ័ត្ន អភិបាលរង នៃគណៈអភិបាលខេត្តកំពត ក៏បានថ្លែងថា “ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត គឺបង្ហាញពីទឹកចិត្តមនុស្សធម៌ និងការស្រលាញ់ជាតិ ដែលក្នុងព្រះពុទ្ធសាសនា មានការបកស្រាយថា ការបរិច្ចាគឈាម គឺជាការធ្វើទានប្រកបដោយបុណ្យកុសលយ៉ាងខ្ពស់ និងការរួមចំណែកចូលរួមជួយសង្គ្រោះជីវិតមនុស្ស។ លោកជំទាវ បានអំពាវនាវបងប្អូន ប្រជាពលរដ្ឋ មន្ត្រីរាជការ ស្ថាប័ន អង្គភាពទាំងអស់ ចូលរួមបរិច្ចាគឈាមឲ្យបានច្រើនកុះករបន្ថែមទៀត ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ។
កម្មវិធី “បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ផ្តល់ឈាម ផ្តល់ជីវិត លើកទី១៣” ត្រូវបានប្រព្រឹត្តិទៅប្រកបដោយរលូន និងមានផលវិជ្ជមានគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៧៦០,000 នាក់ ដែលជាកសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To: