• Home
  • ព័ត៌មាន
  • ស្ត្រីក្នុងវិស័យកសិកម្ម៖ តម្រូវការខ្ពស់របស់គ្រាប់ស្វាយចន្ទីគឺជាឱកាសសម្រាប់កសិករក្នុងស្រុក

ស្ត្រីក្នុងវិស័យកសិកម្ម៖ តម្រូវការខ្ពស់របស់គ្រាប់ស្វាយចន្ទីគឺជាឱកាសសម្រាប់កសិករក្នុងស្រុក

Apr 26, 2022

គ្រាប់ស្វាយចន្ទី គឺជាដំណាំដែលមានតម្រូវការខ្ពស់ឥតឈប់ឈរទាំងក្នុង និងក្រៅប្រទេស។ បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២១ នេះ កម្ពុជាបាននាំ ចេញគ្រាប់ស្វាយចន្ទីចំនួន ៨០១,៧៣២ តោន ទៅកាន់ទីផ្សារបរទេស ដូចជាប្រទេស​វៀតណាម ថៃ ចិន ឥណ្ឌា ជប៉ុន និងអារ៉ាប់រួម។

ដោយមើលឃើញពីឱកាស ក៏ដូចជាតម្រូវការកើនឡើងឥតឈប់ឈរ បងស្រី ហ៊ឹម ស៊ីឌឿន អាយុ   ២៨ឆ្នាំ ម្ចាស់ចម្ការស្វាយចន្ទី ក្នុងខេត្តកំពង់ធំ បានចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងអាជីវកម្មគ្រាប់ស្វាយចន្ទីរបស់គាត់។

លោកស្រី ហ៊ឹម ស៊ីឌឿន

សូមបងស្រីរៀបរាប់ត្រួសៗអំពីខ្លួនបង និងពណ៌នាអំពីអាជីវកម្មរបស់បង

ខ្ញុំមានមហិច្ឆតាចង់ក្លាយជាសហគ្រិនជោគជ័យម្នាក់លើវិស័យកសិកម្ម ហើយខ្ញុំ និងស្វាមី បានឈានចូលក្នុងវិស័យកសិកម្មដំបូងដោយប្រកបរបរធ្វើស្រែប្រាំង នៅលើផ្ទៃដីត្រឹមតែ១ហិកតាប៉ុណ្ណោះ ។

អាជីវកម្មរបស់ខ្ញុំ ដំណើរការបានយ៉ាងល្អ ហើយពួកយើងក៏បានពង្រីកដីរហូតដល់ ១០ហិកតា ប៉ុន្តែដោយសារ​កង្វះទឹកប្រើប្រាស់ ធ្វើឱ្យយើងជួបការលំបាកខ្លះៗ ហើយក៏សម្រេចចិត្តផ្អាកអាជីវកម្មស្រូវប្រាំងនេះមួយរយៈ។ បន្ទាប់ពីនេះនៅក្នុងឆ្នាំ២០១៧ ខ្ញុំសង្កេតឃើញមានតម្រូវការគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំមានការកើនឡើង ជាហេតុធ្វើឱ្យខ្ញុំមានការចាប់អារម្មណ៍ ហើយក៏សម្រេចចិត្តសាកល្បងទៅលើអាជីវកម្ម គ្រាប់ស្វាយចន្ទីនេះតែម្តង។

តើកត្តាចម្បងអ្វីខ្លះដែលបង្វែរការចាប់អារម្មណ៍របស់បងមកលើអាជីវកម្មគ្រាប់ស្វាយចន្ទី?

ជាការពិតណាស់ យើងបានឈានជើងចូលក្នុងវិស័យអាជីវកម្មគ្រាប់ស្វាយចន្ទីដំបូងដោយសារសង្កេតឃើញពីឱកាសនៃតម្រូវការផ្គត់ផ្គង់ខ្ពស់ក្នុងទីផ្សារទាំងក្នុងនិងក្រៅស្រុក។ បន្ទាប់ពីវគ្គចែករំលែកពី សមាគមស្វាយចន្ទីកម្ពុជា យើងក៏ចាប់ផ្តើមមានចំណាប់អារម្មណ៍ និងបន្តស្វែងយល់បន្ថែមអំពីអាជីវកម្មគ្រាប់ស្វាយចន្ទីនេះ។

គ្រាប់ស្វាយចន្ទីមិនតម្រូវឱ្យយើង យកចិត្តទុកដាក់ច្រើនដូចរុក្ខជាតិ ឬដំណាំផ្សេងទៀតឡើយ វាទាមទារឱ្យយើងធ្វើការថែទាំក្នុងដំណាក់កាលដំបូង ដូចជាស្រោចទឹក និងដាក់ជីឱ្យបានទៀងទាត់។ បន្ទាប់ពីដើមធំល្មម យើងត្រូវថែទាំ ក៏ដូចជាយកចិត្តទុកដាក់លើ ៣ដំណាក់កាលប៉ុណ្ណោះក្នុងមួយរដូវកាលនៃការដាំដុះរបស់វា។

ប៉ុន្មានឆ្នាំក្រោយមកនេះ គ្រាប់ស្វាយចន្ទីរបស់ខ្ញុំបានផ្តល់ទិន្នផលពី ៤តោន រហូតដល់ ២០តោន នៅលើផ្ទៃដីដាំដុះប្រមាណជា១០ហិកតា ដែលក្នុងនោះគ្រាប់ស្វាយចន្ទីជាមធ្យមទទួលបាន ៥ពាន់រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមរដូវកាលនៃការបញ្ជាទិញ។

ដោយសារតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ ដូចនេះគ្រាប់ស្វាយចន្ទីដែលខ្ញុំប្រមូលផលបាន នឹងមានឈ្មួញ​ចុះមកទិញដោយផ្ទាល់ ភាគច្រើនមកពីរោងចក្រធំៗសម្រាប់ធ្វើការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃការដាំដុះស្វាយចន្ទីនេះ យើងបានពង្រីកផ្ទៃដីដាំដុះរហូតដល់ ២០ហិកតា។

 

តើបញ្ហាប្រឈមអ្វីខ្លះដែលបងតែងតែជួបប្រទះ?

សត្វល្អិត និងដង្កូវគឺជាបញ្ហាចម្បងដែលយើងតែងតែជួបប្រទះ ហើយយើងជឿថាបញ្ហានេះក៏ជាកង្វល់សម្រាប់កសិករមួយចំនួនផងដែរ។ ដើម្បីដោះស្រាយលើបញ្ហានេះ យើងត្រូវដឹងអំពីដំណើរការនៃការដាំដុះ និងយល់ច្បាស់អំពីដំណាំ ក៏ដូចជាការដាក់ជី និងថ្នាំសម្លាប់សត្វល្អិតជាដើម។ ឧទាហរណ៍៖ ខ្ញុំតែងតែធ្វើការពិសោធជាមួយជីដែលមានប្រភេទផ្សេងៗគ្នា ថាតើជីប្រភេទណាដែលអាចផ្តល់ទិន្នផលកាន់តែប្រសើរដល់ដំណាំរបស់ខ្ញុំ។

បន្ទាប់ពីនោះយើងក៏មានការចំណាយផ្សេងៗទៀតជាច្រើនលើជីលាមកសត្វ និងថ្នាំសម្លាប់សត្វល្អិតជាទៀងទាត់ពេញមួយរដូវកាលនៃការលូតលាស់ផងដែរ។ លំហូរសាច់ប្រាក់ គឺជាកង្វល់មួយក្នុងដំណើរការនេះ ហើយយើងក៏ទទួលជំនួយពីគ្រួសារ ហើយបន្ថែមពីនេះយើងក៏ទទួលបានដើមទុនដែលអាចបត់បែនបាន ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សម្រាប់តម្រូវការពង្រីកអាជីវកម្មរបស់  យើង។ បើគ្មានការគាំទ្រដែលអាចទុកចិត្តបាន និងការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយ    ប្រសិទ្ធភាពទេ នោះវាពិតជាពិបាកក្នុងការរក្សាអាជីវកម្មមួយឱ្យដំណើរការទៅមុខបាន។

ក្នុងនាមជាសហគ្រិនស្ត្រី តើបងមានយោបល់អ្វីខ្លះដល់ស្ត្រីដែលចង់ពង្រីកអាជីវកម្ម?

ការប្រកបអាជីវកម្មមួយទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់។ កុំខ្លាចក្នុងការហត់នឿយ ហើយដើរចេញពីតំបន់ស្រណុករបស់អ្នក ដើម្បីស្វែងយល់បន្ថែមពីវិស័យកសិកម្ម។

តម្រូវការ និងទិន្នផលអាចមានការប្រែប្រួលជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែភាពជោគជ័យនៃអាជីវកម្ម  មិនមែនកើតឡើងត្រឹមតែមួយយប់នោះទេ។ ចូរកុំបោះបង់ក្តីសង្ឃឹម ការប្រឹងប្រែង និងការអត់ធ្មត់ដែលធ្វើឡើងជារៀងរាល់ថ្ងៃ អាចនាំអ្នកទៅកាន់អនាគតប្រកបដោយផ្លែផ្កា។

Share To:

Recent News

ព័ត៌មានតាមឆ្នាំ