• Home
  • ព័ត៌មាន
  • ពីអ្នកជីករកត្បូង ក្លាយជាម្ចាស់ចំការ និងឈ្មួញប្រមូលទិញតាង៉ែន

ពីអ្នកជីករកត្បូង ក្លាយជាម្ចាស់ចំការ និងឈ្មួញប្រមូលទិញតាង៉ែន

Dec 22, 2020

បងស្រី អឿន សាម៉ន គឺជាម្ចាស់ ចម្ការតាង៉ែន និងជាអតិថិជនជោគជ័យម្នាក់របស់ អម្រឹត

ជួបជាមួយបងស្រី អឿន សាម៉ន ដែលជាម្ចាស់ចម្ការ និងជាឈ្មួញប្រមូលទិញតាង៉ែនដ៏ជោគជ័យមួយរូបនៅខេត្តប៉ៃលិន។ ជាមួយនឹងមានភាពអត់ធ្មត់ អំណត់ និងការប្តេជ្ញាចិត្តខ្ពស់ បងស្រីប្រែក្លាយខ្លួនពីអ្នកជីករកត្បូងទៅជាអ្នកជំនួញម្នាក់ដែលគេគោរពនិងស្គាល់ច្រើននៅខេត្តប៉ៃលិន។ បងស្រី សាម៉ន ក៏ជាអតិថិជនជោគជ័យម្នាក់ក្នុងចំណោមអតិថិជនជោគជ័យជាច្រើនរបស់ អម្រឹត។

១. សូមបងស្រីរៀបរាប់ពីជីវប្រវត្តិ និងគ្រួសាររបស់បង?

ឈ្មោះ អឿន សាម៉ន រៀបការ និងមានកូន ២នាក់។ សព្វថ្ងៃ ខ្ញុំជាឈ្មួញប្រមូលទិញតាង៉ែននៅខេត្តប៉ៃលិន ហើយក៏ជាមានចម្ការដំាតាង៉ែនផងដែរ។ ដំបូងឡើយ ខ្ញុំចាប់ផ្ដើមធ្វើចម្ការតាង៉ែននៅលើផ្ទៃដីត្រឹមតែ ២ហិកតាប៉ុណ្ណោះ ប៉ុន្តែចេះតែពង្រីកបន្តិចម្ដងៗរហូតដល់ ១៣ហិកតា ដូចសព្វថ្ងៃ។ បើបូកបញ្ចូលគ្នារវាងទិន្នផលដែលខ្ញុំ ទទួលបានពីចម្ការខ្លួនឯងនឹងផ្លែតាង៉ែនដែលខ្ញុំប្រមូលទិញពីចម្ការដទៃ ខ្ញុំអាចផ្គត់ផ្គង់តាង៉ែនបានរហូតដល់ ១០តោនក្នុងមួយសប្តាហ៏ទៅក្នុងទីផ្សារក្នុងស្រុក។


ចំពោះប្រវត្តិគ្រួសារវិញ ខ្ញុំកើតក្នុងគ្រួសារអ្នកជីកត្បូង ដែលពេលនោះអាជីវកម្មត្បូងក្នុងខេត្តប៉ៃលិនកំពុងមានសកម្មភាពខ្លាំងក្លានៅឡើយដែល គ្រួសារខ្ញុំមានចំណូលគ្រប់គ្រាន់សម្រាប់ការចាយវាយប្រចំាថ្ងៃ។

 

ទើបតែមកត្រឹមឆ្នាំ ១៩៩៩ ក្រោយពេលដែលឪពុកខ្ញុំទទួលមរណភាព ពួកយើងចាប់ផ្ដើមជួបការលំបាក ដោយសារគ្រួសារទាំងមូលត្រូវពឹងផ្អែកលើម្ដាយខ្ញុំ តែម្នាក់គត់ក្នុងការរកប្រាក់ប្រចាំថ្ងៃក្នុងការផ្គត់ផ្គង់កូនពីរនាក់ក្នុងបន្ទុក។

 

ស្ថានភាពរបស់យើងកាន់តែធ្លាក់ដុនដាបថែមមួយកម្រិតទៀតនៅពេលរ៉ែត្បូងក្នុងតំបន់ចាប់ផ្ដើមថមថយ ដែលពេលខ្លះម្ដាយខ្ញុំរកត្បូងសឹងតែមិនបានទាល់តែសោះ ហើយគ្មានជម្រើសផ្សេងទៀតឡើយក្រៅពីពឹងផ្អែកលើមុខរបរមួយនេះដើម្បីចិញ្ចឹមជីវិត។ ក្រោយមក យើងបានចាប់ផ្តើមធ្វើចម្ការបន្តិចបន្តួចនៅលើដីស្រែក្រោយផ្ទះ ប៉ុន្តែវានៅតែមិនអាចសម្រួលជីវភាពរបស់យើងឡើយ។ រហូតដល់ឆ្នាំ ២០១០ ជីវភាពរបស់ខ្ញុំចាប់ផ្តើមផ្លាស់ប្តូនៅពេលដែលខ្ញុំរៀបការនិងចាប់យកមុខជំនួញ ជាអ្នកប្រមូលទិញតាង៉ែននៅខេត្តប៉ៃលិន។

២. តើកត្តាអ្វីខ្លះដែលជំរុញចិត្តបងឱ្យចាប់យកមុខរបរជាឈ្មួញប្រមូលទិញតាង៉ែន? តើបងត្រូវប្រឈមមុខនឹងឧបសគ្គអ្វីខ្លះនៅពេលចាប់ផ្តើមមុខជំនួញនេះដំបូង?

ការធ្វើចម្ការតាង៉ែនចាប់ផ្ដើមរីកដុះដាលយ៉ាងខ្លាំងនៅខេត្តប៉ៃលិននៅពេលនោះដូច្នេះខ្ញុំគិតថាការចាប់យកជំនួញជាអ្នកប្រមូលទិញតាង៉ែនអាចជាឱកាសល្អមួយក្នុង
ការរកប្រាក់ចំណេញហើយក៏អាចរួមចំណែកក្នុងការជួយដល់កសិករក្នុងសហគមន៍បើទោះជាខ្ញុំមិនមានបទពិសោធដាំតាង៉ែនក៏ដោយ។

ផ្លែតាង៉ែន

និយាយទៅ ពេលចាប់ផ្ដើមដំបូង ខ្ញុំក៏មានចិត្តស្ទាក់ស្ទើរនិងមានការព្រួយបារម្ភច្រើនដែរ ព្រោះខ្លាចខាតបង់ប្រាក់ដែលខំសន្សំយ៉ាងលំបាកជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែដោយសារការជឿជាក់និងការជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្តពីស្វាមី ទើបខ្ញុំសម្រេចចិត្តប្រថុយចាប់យកមុខជំនួញមួយនេះ។

គ្រាន់តែសម្រេចចិត្តរួច ខ្ញុំបានទាក់ទងម្ចាស់ចម្ការតាង៉ែនក្នុងភូមិជាច្រើននាក់ដើម្បីចរចាតម្លៃ ខណៈពេលដែលស្វាមីរបស់ខ្ញុំបានចេញទៅភ្នំពេញ ដើម្បីចរចាជាមួយអ្នកលក់បោះដុំផ្លែឈើនៅផ្សារនាគមាសដើម្បីធ្វើជាអ្នកផ្គត់ផ្គង់តាង៉ែន។ ប៉ុន្តែអ្នកលក់ទាំងអស់ មិនសូវចាប់អារម្មណ៍ចង់ទិញតាង៉ែនពីយើងឡើយ គឺយល់ព្រមត្រឹមតែជួយដាក់លក់នៅតាមស្តង់របស់ពួកគាត់ដោយកាត់យកភាគរយពីប្រាក់ចំណេញ។

នៅពេលនោះ ខ្ញុំពុំសូវចំណេញច្រើនឡើយ ប៉ុន្តែអ្វីដែលយើងចំណេញមកវិញគឺបទពិសោធ ក្នុងការបង្កើតទំនាក់ទំនងជំនួញ ដែលជាមេរៀនដ៏មានសារសំខាន់សម្រាប់យើង។ មិនយូរប៉ុន្មាន ឈ្មួញបោះដុំមួយចំនួនបានទាក់ទងម៉ៅតាង៉ែនពីពួកយើង ដែលនេះជាជំហានជោគជ័យដំបូងបំផុតរបស់យើង។

 

ជាមួយនឹងប្រភពចំណូលទៀងទាត់ និងការផ្ដល់ជូនសេវាហិរញ្ញវត្ថុពី អម្រឹត ខ្ញុំអាចទិញរថយន្តដឹកទំនិញតូចមួយដើម្បីសម្រួលដល់ការដឹកជញ្ជូនប្រចាំថ្ងៃ ដែលវាមិនត្រឹមតែកាត់បន្ថយចំណាយប៉ុណ្ណោះទេ ថែមទាំងបង្កើនការផ្គត់ផ្គង់តាង៉ែនរបស់ខ្ញុំកាន់តែធំជាងមុន រហូតដល់ ១០តោនក្នុងមួយសប្តាហ៍ និងច្រើនជាងនេះក្នុងអំឡុងរដូវអាពាហ៍ពិពាហ៍និងបុណ្យជាតិផ្សេងៗ។ បើនិយាយពីបញ្ហាប្រឈមពេលចាប់ផ្ដើមមុខជំនួញនេះវិញ

ចំណុចដែលខ្ញុំព្រួយបារម្ភបំផុតគឺ ការប្រែប្រួលតម្លៃ និងតម្រូវការទីផ្សារមិនទៀងទាត់។ ក្រៅពីនេះ ស្ថានភាពផ្លូវលំបាកនិងការចំណាយខ្ពស់លើការដឹកជញ្ជូនក៏ជាបញ្ហាធំផងដែរ។.

៣. ជាកូនស្រី ប្រពន្ធ ម្តាយ និងអ្នកជំនួញស្រ្តីដ៏មមាញឹកម្នាក់ តើបងបែងចែកពេលវេលាយ៉ាងដូចម្តេចសម្រាប់គ្រួសារ ក៏ដូចជាមុខជំនួញដ៏មមាញឹករបស់បង?

មុខជំនួញជាអ្នកប្រមូលទិញតាង៉ែន ពិតជាមានភាពមមាញឹកយ៉ាងខ្លាំងដែលខ្ញុំត្រូវលៃលកពេលវេលាជាក់លាក់សម្រាប់គ្រួសារ និងថែទាំចម្ការ។ រៀងរាល់ថ្ងៃ ខ្ញុំត្រូវក្រោកពីព្រលឹមដើម្បីរៀបចំកម្មករទៅបេះតាង៉ែននៅតាមចម្ការផ្សេងៗគ្នានៅទូទាំងខេត្តប៉ៃលិន។

ក្រោយពីនាំកម្មការទៅកាន់ចម្ការរៀងៗខ្លួន ខ្ញុំត្រូវធ្វើដំណើរពីចម្ការមួយទៅចម្ការមួយទៀតដើម្បីពិនិត្យនិងធានាថាគុណភាព នៃការបេះនិងរៀបចំតាង៉ែនត្រូវតាមស្តង់ដារដែលឈ្មួញចង់បានបើមិនដូច្នេះទេ ពួកគេអាចនឹងមិនទទួលផលិតផលរបស់ខ្ញុំឡើយ។

ក្រោយការបេះផ្លែតាង៉ែនចប់ ខ្ញុំត្រូវដឹកកម្មករត្រលប់មកផ្ទះខ្ញុំវិញ ហើយរៀបចំម្ហូបសម្រាប់ថ្ងៃបន្ទាប់ មុននឹងអាចចំណាយពេលជាមួយគ្រួសារនៅពេលព្រលប់។ ពិតណាស់ ជាអ្នកជំនួយម្នាក់មិនមែនជារឿងងាយឡើយដែលវាទាមទារការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ប៉ុន្តែនៅពេលយើងមានគោលដៅច្បាស់លាស់និងការប្តេជ្ញាចិត្តខ្ពស់ ការងារគ្រប់បែបយ៉ាងហាក់បីដូចជាសាមញ្ញ និងរីករាយ។ ហើយអ្វីដែលផ្ដល់ជាកម្លាំងចិត្តសម្រាប់ខ្ញុំ គឺការបានឃើញស្នាមញញឹមរបស់កូនរៀងរាល់ថ្ងៃ។

៤.តើដំណាក់កាលណាមួយដែលបងចាត់ទុកថាវាជាពេលវេលាដ៏លំបាកបំផុតសម្រាប់មុខជំនួញរបស់បង?

នាំ ២០២០ គឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់មុខជំនួញរបស់ខ្ញុំ។ ដោយសារតែជំងឺកូវីដ-១៩ និងការថមថយនៃការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ តម្រូវការតាង៉ែនក្នុងស្រុកក៏មានការធ្លាក់ចុះតាមនឹងដែរ ខណៈដែលការបញ្ជាទិញពីក្រៅប្រទេសក៏មានការថមថយ រីឯតម្លៃតាង៉ែនវិញក៏ធ្លាក់តាមនឹងផងដែរ។ បើនិយាយដល់តម្រូវការទីផ្សារវិញ ពីមុនមកខ្ញុំធ្លាប់តែទទួលការបញ្ជាទិញតាង៉ែនរៀងរាល់ថ្ងៃ ប៉ុន្តែឥឡូវត្រឹមតែម្តងគត់ក្នុងមួយសប្ដាហ៍គឺរៀងរាល់មុនថ្ងៃសីល។


អ្វីដែលលំបាកបំផុតនោះគឺ ដោយសារជាប់កុងត្រាជាមួយម្ចាស់ចំការ ខ្ញុំត្រូវប្រមូលទិញតាង៉ែនទាំងអស់នៅរដូវប្រមូលផល ទោះបីគ្មានទីផ្សារលក់ចេញក្ដី។ ដើម្បីដោះស្រាយបញ្ហាមួយនេះ ខ្ញុំនិងស្វាមីបានធ្វើឃ្លាំងមួយសម្រាប់អប់តាង៉ែនតាមបែបធម្មជាតិ ដែលអាចឱ្យយើងរក្សាតាង៉ែនឱ្យនៅស្រស់បានពីរបីថ្ងៃបន្តទៀត។


ក្រៅពីនេះ យើងបានសុំជំនួយពីសហករណ៍កសិកម្មក្នុងតំបន់ដើម្បីរកទីផ្សារថ្មី ហើយក៏បានព្យាយាមទាក់ទងជាមួយនឹងឈ្មួញថៃផងដែរ។ ចំពោះការលក់ទៅឈ្មួញថៃវិញ យើងជួបនឹងបញ្ហាប្រឈមមួយទៀតគឺតម្រូវការគុណភាពខ្ពស់ជាងទីផ្សារក្នុងស្រុក ដូច្នេះមិនមែនគ្រប់ចម្ការសុទ្ធតែអាចបំពេញតាមស្តង់ដារបានឡើយ។ និយាយទៅ បើចង់លក់ទៅទីផ្សារក្រៅប្រទេសទាល់តែមានគុណភាពខ្ពស់។

៥. តើបងមានជាបទពិសោធ ឬ គន្លឹះល្អៗអ្វីខ្លះដើម្បីចែករំលែកដល់ស្ត្រីដែលមានក្ដីស្រមៃចង់បង្កើតមុខជំនួញផ្ទាល់ខ្លួន? មិនខុសគ្នាពីមុខជំនួញដទៃទៀតឡើយ ដើម្បីឈានទៅដល់ភាពជោគជ័យបាន លុះត្រាតែយើងមានការប្តេជ្ញាចិត្ត ភាពអំណត់ និងការហ៊ានសម្រេចចិត្តនៅពេលចាំបាច់។ បើក្រឡេកទៅមើល១០ឆ្នាំមុនវិញ ខ្ញុំជឿថាប្រសិនបើខ្ញុំគ្មានចិត្តក្លាហាន ការហ៊ានសម្រេចចិត្ត និងការលះបង់ខ្ពស់ទេ ខ្ញុំប្រាកដជាមិនអាចទទួលបានជីវភាពដូចសព្វថ្ងៃនេះឡើយ។ ដំបូន្មានរបស់ខ្ញុំសម្រាប់ស្រ្តីទាំងអស់ដែលមានក្ដីស្រមៃចង់បើកមុខជំនួញផ្ទាល់ខ្លួន គឺត្រូវមានចិត្តតស៊ូដោយមិនបោះបង់ចោលគោលដៅរបស់ខ្លួនឡើយទោះបីស្ថិតនៅស្ថានភាពយ៉ាងណាក៏ដោយ។

យើងត្រូវមានការជឿជាក់លើខ្លួនឯងនិងមានឆន្ទៈក្នុងការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីសម្រេចគោលដៅ ហើយអ្វីដែលសំខាន់ដែរនោះគឺត្រូវចេះស្រឡាញ់និងឱ្យតម្លៃលើកិច្ចការដែលយើងធ្វើ។ ខ្ញុំសូមអរគុណយ៉ាងខ្លាំងទៅដល់ស្វាមីនិងម្ដាយរបស់ខ្ញុំ ដែលតែងតែជឿជាក់និងជួយជ្រោមជ្រែងខ្ញុំនៅគ្រប់ជំហាននៃការប្រកបជំនួញមួយនេះរហូតដល់ខ្ញុំទទួលបានជោគជ័យដូចសព្វថ្ងៃ។ ចុងក្រោយ ខ្ញុំសូមជូនពរសហគ្រិនស្រ្ដីទាំងអស់ឱ្យទទួលបានភាពជោគជ័យនិងសំណាងល្អក្នុងដំណើរការអាជីវកម្មនិងមុខជំនួញរបស់អ្នក៕

Share To:

Recent News

ព័ត៌មានតាមឆ្នាំ