• Home
  • ព័ត៌មាន
  • សេចក្តីប្រកាសព័ត៌មានរួម ក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និង គ្រឹះស្ថាន អម្រឹត សហការរួមគ្នា ជាលើកដំបូង រៀបចំយុទ្ធនាការលើកកម្ពស់ការអាន និង ការយល់ដឹងអំពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ

សេចក្តីប្រកាសព័ត៌មានរួម ក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និង គ្រឹះស្ថាន អម្រឹត សហការរួមគ្នា ជាលើកដំបូង រៀបចំយុទ្ធនាការលើកកម្ពស់ការអាន និង ការយល់ដឹងអំពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ

Apr 20, 2026

ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការរួមគ្នា រៀបចំយុទ្ធនាការលើកកម្ពស់ការអាន និង ការយល់ដឹងអំពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ តាមរយៈការរៀបចំកម្មវិធីមួយឈ្មោះថា “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះពេជ្រ និង កោះនរា។

កម្មវិធីនេះ គឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយដំបូងបង្អស់នៅកម្ពុជា ផ្តួចផ្តើមឡើងដោយគ្រឹះស្ថាន អម្រឹត រួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង សារមន្ទីរ ស.ស.រ ក្នុងគោលបំណងសំខាន់ចំនួន៣៖ ទី១)​ ចូលរួមចំណែកបន្តលើកកម្ពស់ វិស័យអប់រំ ដែលជាគោលដៅអាទិភាពរបស់រាជ​រដ្ឋាភិបាល ទី២)​ ​ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្តុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃ និង ជំរុញវប្បធម៌អាន​នៅកម្ពុជា និង ទី៣)​ ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្តល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ ​និង សង្គមក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា​។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអានជាមូលដ្ឋានគ្រឹះសំខាន់នៃការអប់រំប្រកបដោយគុណភាព ដើម្បីការកសាងធនមនុស្ស និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។​ ឯកឧត្តមបណ្ឌិតសភាចារ្យ​​​​ បានលើកឡើងថា យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាមួយដ៏សំខាន់ និង មានឥទ្ធិពលវិជ្ជមាន ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និង សង្គមជាតិទាំងមូល។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវឱ្យមានការចូលរួម គាំទ្រកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន​ និងសារមន្ទីរ ស.ស.រ” ដែលជាយុទ្ធនាការសង្គមមួយសំខាន់ ក្នុងស្មារតីលើកកម្ពស់ការអាន បណ្តុះទម្លាប់អាន ការសិក្សាស្រាវជ្រាវ និង ការបង្កើតវប្បធម៌អាន ដើម្បីឱ្យការអាន ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ស្វាគមន៍យ៉ាងកក់ក្តៅនូវគំនិតផ្តួច ផ្តើមដែលធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង គ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត ក្នុងការនាំសិស្សានុសិស្សមកទស្សនាសារមន្ទីរ ។ សារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ថែមទាំងជាស្ថាប័នផ្ដោតសំខាន់ទៅលើការអប់រំ និងចែករំលែកនូវចំណេះដឹងផងដែរ។ លោកបន្តថា “ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជនជំនាន់ក្រោយ ជាសកម្មភាពចម្បងរបស់យើងខ្ញុំហើយគម្រោងនេះជាផ្នែកថ្មីមួយ នៃកិច្ចសហការដែលសារមន្ទីរបានអនុវត្តកន្លងទៅ ជាមួយនឹងវិស័យធនាគារ និង វិស័យអប់រំ ដើម្បីជំរុញចំណេះដឹងផ្នែកសេដ្ឋកិច្ច និង ការស្វែងយល់ផ្នែកប្រវត្តិសាស្ត្រ ក៏ដូចជាឆន្ទៈនៃការសិក្សារៀនសូត្រក្នុងចំណោមយុវជនជំនាន់ក្រោយ”។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត បានមានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ឆ្នាំ កន្លងមកនេះ អម្រឹត មានការប្តេជ្ញាចិត្តដ៏រឹងមាំ និង យូរអង្វែងក្នុងការរួមចំណែកពង្រឹង វប្បធម៌ខ្មែរ និង លើកកម្ពស់វិស័យអប់រំ ដែលជាកិច្ចការងារអាទិភាពនៃសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility-CSR) របស់ស្ថាប័ន ។ លោកបន្តថា កម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” គឺមិនត្រឹមតែផ្តោតលើការលើកកម្ពស់ការអាន តាមរយៈសកម្មភាពកីឡា តែប៉ុណ្ណោះទេ ប៉ុន្តែជាការយុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ឱកាសឱ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានា រួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន  គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និង ផ្សព្វផ្សាយពីគុណតម្លៃនៃការអាន ឲ្យកាន់តែទូលំទូលាយ​ ដែលកម្មវិធីនេះ រំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៣. ០០០ នាក់ ។

ទនឹ្ទមនឹងនេះ លោក បានបញ្ជាក់បន្ថែមថា សម្រាប់ថវិកាដែលប្រមូលបាន ពីការចុះឈ្មោះទាំងអស់ ក្នុងកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” បូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅឧបត្ថម្ភគាំទ្រ

  • ឧបត្ថម្ភទិវាជាតិអំណាន និង ពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ ឆ្នាំ
  • រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយពេល ៣ ឆ្នាំ
  • ឧបត្ថម្ភការផ្សព្វផ្សាយពីសារៈសំខាន់នៃការអាននៅតាមបណ្តាខេត្តមួយចំនួន សម្រាប់រយៈពេល ៣ ឆ្នាំ។

តាមប្រសាសន៍របស់លោក ដុស ឌីន បានឲ្យដឹងថា អម្រឹត រួមសហការជាមួយនឹងអជ្ញាធរខេត្ត ក៏គ្រោងនឹងរៀបចំកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ក្នុងថ្ងៃតែមួយ​(ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦) ក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និង ស្ទឹងត្រែង  ដើម្បីចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និង ផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឲ្យកាន់តែទូលំទូលាយ ផងដែរ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ក្រសួងអប់រំ យុវជន និងកីឡា

លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា

ទូរស័ព្ទ៖ ០៧៧ ៧១ ៧៧ ១៩  និង អ៊ីម៉ែល៖ [email protected]

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)

  • លោក  Dorian DEBALS (សម្រាប់ភាសាអង់គ្លេស)

ទូរស័ព្ទ៖ ០៦៨ ៨៥ ៩៣ ១៤  និង អ៊ីម៉ែល៖ [email protected]

  • លោក ហុង ហ័រ (សម្រាប់ភាសាខ្មែរ)

ទូរស័ព្ទ៖ ០៩៦ ៤៦ ៤៩ ១០៦ និង អ៊ីម៉ែល៖ [email protected]

 

គ្រឹះស្ថាន អម្រឹត

លោកស្រី ង៉ៃ សុមាលា នាយិកាទីផ្សារពាណិជ្ជកម្ម

ទូរស័ព្ទ៖ ០១១​ ២៤ ៩៦ ៥៤  និង អ៊ីម៉ែល៖ [email protected]

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ