"កម្ចីឌីជីថល" ឱកាសទទួលបាន-iphone 16 pro max ១រង្វាន់ និងទឹកប្រាក់ ១០០.០០០រៀល ចំនួន២៤រង្វាន់
Nov 22, 2024
បទសម្ភាស លោក ដុស ឌីន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក
១. តើលោកធ្វើការវាយតម្លៃ និងយល់យ៉ាងណាដែរពីសមិទ្ធផលរបស់ អម្រឹត រយៈពេល ៣០ឆ្នាំមកនេះ?
រយៈពេល ៣០ឆ្នាំកន្លងមកនេះ អម្រឹត បានជួយជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនជាង ៥០០.០០០នាក់ រាប់ចាប់ពីកសិករដែលមានប្រាក់ចំណូលទាបរហូតដល់សហគ្រាសខ្នាតតូចនិងមធ្យមដែលមិនអាចស្នើសុំកម្ចីពីធនាគារ ឬមិនមានគណនីធនាគារ គិតចាប់តាំងពីឆ្នាំ១៩៩១ មក។ សមិទ្ធផលដ៏ធំបំផុតរបស់យើង គឺមិនអាចត្រឹមតែវាស់ស្ទង់លើចំនួនអតិថិជនដែលយើងបានផ្តល់សេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺសំដៅទៅលើការធ្វើឱ្យមានភាពប្រសើរឡើងនៃជីវភាពអតិថិជន និងសហគមន៍។ អស់រយៈពេលជាច្រើនឆ្នាំកន្លង មកនេះ យើងបន្តរីកចម្រើនជាមួយសហគមន៍ដែលយើងបានផ្តល់សេវាកម្ម។ យើងបានបង្កើតទំនាក់ទំនងប្រកបដោយភាពជិតស្និទ្ធជាមួយការយកចិត្តទុកដាក់ក្នុងការបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុត។ បើក្រឡេកមើលចំនួនអតិថិជនរបស់យើងសព្វថ្ងៃនេះ ៦៨ភាគរយគឺជាស្ត្រី។ យើងផ្តោតលើការលើកកម្ពស់ស្ត្រីតាមរយៈសេវាហិរញ្ញវត្ថុដោយជឿជាក់ថាជាមួយនឹងការទទួលបានហិរញ្ញវត្ថុបន្ថែម និងគ្រប់គ្រាន់គឺធ្វើឱ្យស្ត្រីអាចចូលរួមចំណែកកាន់តែច្រើនដល់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពសហគមន៍នៅកម្ពុជា។ ក្នុងនោះផងដែរ យើងបានកសាងកេរ្តិ៍ឈ្មោះរបស់យើងក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវខ្ពស់ និងគួរឱ្យទុកចិត្តបំផុតមួយនៅក្នុងប្រទេស ដែលមានសាខាធ្វើប្រតិបត្តិការហិរញ្ញវត្ថុចំនួន ១៥៨ទូទាំងប្រទេស រួមទាំងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់ផ្ទះ ឬ ទីកន្លែងរបស់អតិថិជនផ្ទាល់ផងដែរ។
២.តើ អម្រឹត មានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ?
អម្រឹត បានរីកចម្រើនពីគម្រោងឥណទានខ្នាតតូចដែលផ្តួចផ្តើមដោយអង្គការបារាំងមួយ ក្នុងគោលបំណងចម្បង ជួយពន្លឿនបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាផ្តោតពិសេសទៅលើកសិករ។ ជាមួយនឹងចក្ខុវិស័យនេះ យើងបានចូលក្នុងទីផ្សារ ជាមួយនឹងផលិតផលតែមួយគត់គឺ កម្ចីជាក្រុម (group loan)ដើម្បីឆ្លើយតបនឹងតម្រូវការរបស់កសិករ ហើយចំនួនប្រាក់កម្ចីធំបំផុតពេលនោះគឺត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ។ អម្រឹត បានធ្វើដំណើរដ៏វែងឆ្ងាយ ដោយអតិថិជនអាចទទួលបានផលិតផលដ៏ទូលំទូលាយ រាប់ចាប់តាំងពីការផ្តល់ឥណទានខ្នាតតូចបំផុត គណនីសន្សំ កម្ចី ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ ធានារ៉ាប់រង រហូតដល់បណ្តាញចែកចាយជាច្រើនទៀត ដូចជាម៉ាស៊ីនអេធីអឹម (ATM) សេវាកម្មហិរញ្ញវត្ថុដល់ទីកន្លែង និងធនាគារចល័ត។ ចាប់តាំងពីឆ្នាំ ២០១៥ អម្រឹត បានក្លាយជាបុត្រសម្ព័ន្ធពេញលេញរបស់ Advans ជាស្ថាប័នមីក្រូហិរញ្ញវត្ថុអន្តរជាតិមួយ ដែលមានវត្តមាននៅក្នុងប្រទេសចំនួន៩ លើពិភពលោក។
យុទ្ធសាស្រ្តរបស់យើងក៏បានវិវឌ្ឍទៅតាមយុគឌីជីថល និងតម្រូវការអ្នកប្រើប្រាស់ក្នុងសម័យទំនើបនេះផងដែរ។ អម្រឹត បានវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ដោយបានផ្លាស់ប្តូរប្រតិបត្តិការអាជីវកម្មរបស់យើង ដើម្បីផ្តល់ជូននូវសេវាកម្មធនាគារប្រកបដោយភាពរលូនដល់អតិថិជន។ រយៈពេល៣០ឆ្នាំ មកទល់ពេលនេះ យើងបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) និងជាស្ថាប័នហិរញ្ញវត្ថុដ៏រឹងមាំមួយ ដែលផ្តោតសំខាន់លើអតិថិជន។ ក្នុងនោះ អម្រឹត មានទ្រព្យសកម្មសរុបជាង ១,២ពាន់លាន ដុល្លារ។
៣. តើអ្វីដែលធ្វើឱ្យ អម្រឹត ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ឆ្នើមមួយ?
ទស្សនវិស័យរបស់ អម្រឹត គឺតែងតែផ្តោតលើអតិថិជន ហើយវាត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងពាក្យស្លោករបស់ អម្រឹត «តែងតែនៅជាមួយអ្នក ដើម្បីអ្នក»។ ពាក្យស្លោកនេះមានលក្ខណៈសាមញ្ញ គឺផ្តោតការយកចិត្តទុកដាក់លើអតិថិជនសំខាន់ទី១ និងបង្កើតទំនាក់ទំនងដែលគួរឱ្យជឿទុកចិត្ត។ ប្រតិបត្តិការរបស់អតិថិជនគឺមិនដែលត្រូវបានចាត់ទុកជាអាជីវកម្មទេ សម្រាប់យើងតែងតែចាត់ទុកវាជាការទំនាក់ទំនងដ៏ជិតស្និទ្ធមួយ ដែលបានបង្ហាញពីទំនុកចិត្តរបស់ អម្រឹត។ នេះគឺជា DNA របស់ អម្រឹត ហើយនេះជាហេតុផលដែលអតិថិជនផ្តល់តម្លៃខ្ពស់ដល់ទំនាក់ទំនងរបស់យើងជាមួយពួកគេ។ អតិថិជនជឿជាក់ថាយើងមានសុចរិតភាព ហើយមានអារម្មណ៍ថាពួកគេត្រូវបានគេចាត់ទុកជាមិត្តភក្តិ ឬ ជាដៃគូអាជីវកម្មដ៏ល្អ។ យើងតែងតែកែលម្អសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរនៃអតិថិជន ក្នុងនាមជាអ្នកផ្តល់សេវាកម្មមួយ។
៤. តើជំងឺកូវីដ១៩ បានផ្លាស់ប្តូរអាជីវកម្ម និងបេសកកម្មរបស់ អម្រឹត ដែរឬទេក្នុងពេលថ្មីៗនេះ?
ជំងឺរាតត្បាតនេះមិនបានផ្លាស់ប្តូរបេសកកម្មរបស់យើងចំពោះអតិថិជន និងសហគមន៍ដែលយើងផ្តល់សេវាកម្មនោះឡើយ។ ចាប់តាំងពីវិបត្តិជំងឺរាតត្បាតនេះចាប់ផ្តើម យើងបានដាក់ចេញនូវដំណោះស្រាយជាច្រើនដើម្បីគាំទ្រអតិថិជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតសកលនេះ។ អាទិភាពខ្ពស់បំផុតរបស់យើងនៅក្នុងរយៈពេលនេះគឺធានាសុវត្ថិភាពដល់អតិថិជន និងបុគ្គលិករបស់យើង។
យើងអាចគ្រប់គ្រងស្ថានភាព និងទំនាក់ទំនងអាជីវកម្មកាន់តែស៊ីជម្រៅជាមួយអតិថិជនទាំងឡាយដែលកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ និងពិចារណាពីផលលំបាកផ្នែកហិរញ្ញវត្ថុរបស់ពួកគេក្នុងអំឡុងពេលវិបត្តិនេះ ដោយយើងបានកែសម្រួលការទូទាត់សងប្រាក់ត្រឡប់របស់ពួកគេ តាមរយៈគោលនយោបាយសកម្មផ្សេងៗដើម្បីផ្តល់ពេលវេលាអនុគ្រោះ ក្នុងគោលបំណងជួយរក្សាអាជីវកម្ម និងទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។
នៅចំពោះមុខបញ្ហាប្រឈមដែលមិនធ្លាប់មាននេះ យើងនៅតែបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការជួយដល់អតិថិជនរបស់យើង ឱ្យងើបឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ។ ខ្ញុំមានមោទនភាពណាស់ ដែល អម្រឹត គឺជាគ្រឹះស្ថានទទួលប្រាក់បញ្ញើ (MDI) នៅក្នុងប្រទេសកម្ពុជាដែលបន្តទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន (Client Protection Principles) ដែលមានការបញ្ជាក់ពី Smart Campaign នៅក្នុងអំឡុងពេលវិបត្តិនេះកាលពីខែធ្នូ ឆ្នាំ២០២០។ ជាមួយគ្នានេះដែរ យើងកំពុងកែសម្រួលវិធីធ្វើប្រតិបត្តិការអាជីវកម្មរបស់យើងដើម្បីជំរុញប្រសិទ្ធភាពនិងភាពរឹងមាំឱ្យកាន់តែខ្ពស់ដើម្បីសម្រប និងទប់ទល់ពីការរំខានផ្សេងៗដែលអាចប៉ះពាល់ដល់អាជីវកម្ម។
៥. តើលោកនឹងសម្លឹងឃើញយ៉ាងដូចម្តេចពីចក្ខុវិស័យ និងដំណើររបស់ អម្រឹត នាពេលអនាគត?
អម្រឹត នឹងនៅតែបន្តចក្ខុវិស័យ និងបន្តដំណើរប្រកបដោយចីរភាពឆ្ពោះទៅមុខជានិច្ច ក្នុងនាមជាស្ថាប័នមួយដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបន្តប្តេជ្ញាចិត្តបម្រើសេវាអតិថិជនប្រកបដោយការទទួលខុសត្រូវ។ ទោះបីមានការគំរាមកំហែង និងផលប៉ះពាល់ជាបន្តបន្ទាប់ដោយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែនៅមានអ្វីៗជាច្រើនទៀតដែលយើងនៅតែបន្តត្រូវធ្វើ។ យើងបានប្តេជ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការស្តារឡើងវិញនៃសេវាកម្ម ការបម្រើអតិថិជនឱ្យកាន់តែប្រសើរ តាមរយៈបណ្តាញចែកចាយនៃផលិតផលផ្សេងៗជាច្រើនរបស់យើង។
យើងនឹងបន្តធ្វើការជាមួយដៃគូរបស់យើងដើម្បីបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ នៅក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកកសាងសហគមន៍ដែលយើងបានផ្តល់សេវាកម្ម។
៦. ភ្ជាប់ជាមួយការប្រារព្ធខួបនេះ តើលោកមានសារអ្វីក្នុងការចែករំលែក?
ខណៈដែល អម្រឹត ប្រារព្ធខួបលើកទី៣០ឆ្នាំ ក្នុងឆ្នាំ២០២១នេះ តំណាងឱ្យ អម្រឹត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកគ្រប់គ្នា ទាំងបុគ្គលិកកំពុងបម្រើការងារបច្ចុប្បន្ន និងបុគ្គលិកចូលនិវត្តន៍ ដែលបានចូលរួមចំណែកក្នុងភាពជោគជ័យរបស់ អម្រឹត ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់ចំពោះការណែនាំ និងដាក់ចេញនូវទិសដៅដ៏មានតម្លៃ។
ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ដៃគូអាជីវកម្មរបស់យើង រដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងអតិថិជនរបស់យើងទាំងអស់។ យើងពិតជាមានមោទនភាពណាស់ ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងគាំទ្រសហគមន៍របស់យើងឱ្យកាន់តែរីកចម្រើន៕
អំពី អម្រឹត
អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។
ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង ៥សែននាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹត មានសាខាចំនួន ១៥៨ ទូទាំងប្រទេស មានបុគ្គលិកជាង ៤៥០០នាក់ និងមានទ្រព្យសកម្មជាង ១ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង ៥០០លានដុល្លារអាមេរិក។
Share To:
Nov 22, 2024
Nov 11, 2024
Oct 09, 2024
Oct 08, 2024