អម្រឹត និងអង្គការរ៉ូតថារីអន្តរជាតិ រៀបចំកម្មវិធីសប្បុរសធម៌ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅខេត្តកណ្តាល
Dec 06, 2025
កណ្ដាល៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការជាមួយនឹងអង្គការរ៉ូតថារីអន្តរជាតិ បានរៀបចំកម្មវិធីសប្បុរសធម៌ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ រស់នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៦ និង ០៧ ខែធ្នូ ឆ្នាំ២០២៥។
នេះជាឆ្នាំទី១ អម្រឹត បានសហការជាមួយ អង្គការរ៉ូតថារីអន្តរជាតិ (អង្គការមិនមែនរដ្ឋាភិបាលមនុស្សធម៌) រៀបចំកម្មវីធីសប្បុរសធម៌នេះឡើង ក្នុងគោលបំណងចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ ការគាំពារសុខុមាលភាពសហគមន៍ ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះ គឺរៀបចំឡើងដើម្បីជួយសម្រាលការលំបាក និងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន និងអភិវឌ្ឍសហគមន៍ តាមរយៈ សកម្មភាពសប្បុរសធម៌រួមមាន៖ ការពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ដោយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តមកពីកោះចិនតៃវ៉ាន់ប្រមាណជាង១០០នាក់ ជូនដល់ប្រជាពលរដ្ឋ និងការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលជំងឺ។

អម្រឹត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌នេះឡើង។ នៅក្នុងកម្មវិធីរយៈពេល២ថ្ងៃនេះដែរ អម្រឹត ក៏បានចែករំលែកក្តីស្រលាញ់ និងសេចក្តីសប្បុរស ដោយបានចូលរួមឧបត្ថម្ភ ៤.០០០ អាវយឺត ជូនប្រជាពលរដ្ឋ ក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រួមនឹងសម្ភារៈ និងវត្ថុអនុស្សាវរីយ៍មួយចំនួន ជូនប្រជាពលរដ្ឋដែលបានចូលរួម។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានប្រសាសន៍ថា៖« ខ្ញុំពិតជាមានការកោតសរសើរយ៉ាងខ្លាំង ចំពោះ ចក្ខុវិស័យ ឆន្ទៈ វិជ្ជាជីវៈ និង ទឹកចិត្តមនុស្សធម៌ដ៏ មុះមុត របស់ រ៉ូតថារី និងបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តទាំងអស់ ដែលបានផ្តួចផ្តើមនូវបេសកកម្ម ពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ នេះឡើងជូនប្រជាពលរដ្ឋខ្មែរ។ កិច្ចគាំទ្រ និងរួមចំណែកអភិវឌ្ឍមូលធនមនុស្ស និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងតាមសហគមន៍ គឺជាគោលដៅអាទិភាពមួយ ស្របតាមចក្ខុវិស័យនៃសកម្មភាពទំនួលខុសត្រូវសង្គម(Corporate Social Responsibility) របស់គ្រឹះស្ថាន អម្រឹត។ លោកបន្តថា កន្លងមក អម្រឹត តែងតែយកចិត្តទុកដាក់ និងរួមចំណែកគាំទ្រ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងគម្រោង និងសកម្មភាពនានា ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋផ្នែកសុខភាព និងការអប់រំ ជាមួយនឹងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា»។

លោកក៏បានបន្តផងដែរថា លោកពិតជាពេញចិត្តនូវឃ្លាមួយដែល អង្គការរ៉ូតថារីអន្តរជាតិបានសរសេរឡើងថា កម្មវិធីសប្បុរសធម៌នេះមិនមែនសម្រាប់តែអ្នកមានលុយនោះទេ ប៉ុន្តែក៏សម្រាប់អ្នកមានចិត្តដែរ។

ឯកត្តម ហេង វុទ្ធី ប្រធានសមាគមន៍វិនិយោគចិននៅកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖« លោកពិតជាមានក្តីសប្បាយរីករាយក្នុងការចូលរួមសកម្មភាពសប្បុរសធម៌ក្នុងថ្ងៃនេះ និងថ្លែងអំណរគុណដល់អម្រឹត ក៏ដូចជា អង្គការរ៉ូតថារីក្នុងការផ្តល់ជាការពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ ថែមទាំងផ្តល់នូវ គ្រឿងឧបភោគបរិភោគនិងសម្ភារៈបរិក្ខារជូនដល់ប្រជាជននិងសិស្សានុសិស្សក្នុងឃុំកំពង់ភ្នំឲ្យបានជាប្រយោជន៍ក្នុងការប្រើប្រាស់ជាបន្ត»។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកត្តម ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក គណៈគ្រប់គ្រងតំណាងអង្គការរ៉ូថារីអន្តរជាតិ ប្រធានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់គ្រឹះស្ថាន អម្រឹត រួមជាមួយនឹងតំណាងអជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ។ កម្មវិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តិទៅដោយរលូន និងពោរពេញដោយស្នាមញញឹម និងរីករាយយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលបានមកពិនិត្យ និងព្យាបាលជំងឺ។


អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
អំពីអង្គការ រ៉ូថារីអន្តរជាតិ
អង្គការ រ៉ូថារីអន្តរជាតិ គឺជាអង្គការក្រៅរដ្ឌាភិបាលមកពីកោះចិនតៃវ៉ាន់ ដែល មានសមាជិកជាង ១.៤ លាននាក់នៅទូទាំងពិភពលោក។ អង្គការនេះ ប្រមូលផ្តុំដោយអ្នកដឹកនាំធុរកិច្ច និងមានជំនាញដើម្បីជួយសហគមន៍ លើកកម្ពស់សុចរិតភាព ជំរុញសុច្ឆន្ទៈនិងសន្តិភាពជុំវិញពិភពលោក។
Share To:
Dec 06, 2025
Oct 01, 2025