• Home
  • ព័ត៌មាន
  • កម្មវិធីចាប់រង្វាន់ធំ រង្វាន់រថយន្ដ Ford Ranger Wildtrak 2022 ជូនដល់អតិថិជនរបស់អ ម្រឹត ក្នុងឱកាសអបអរខួបទី៣០ឆ្នាំ

កម្មវិធីចាប់រង្វាន់ធំ រង្វាន់រថយន្ដ Ford Ranger Wildtrak 2022 ជូនដល់អតិថិជនរបស់អ ម្រឹត ក្នុងឱកាសអបអរខួបទី៣០ឆ្នាំ

Mar 16, 2022

រាជធានីភ្នំពេញ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើនូវកម្មវិធីចាប់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak 2022 ជូនដល់អតិថិជនរបស់ខ្លួនកន្លងទៅនៅ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ កាលពីថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមកម្មវិធីពិសេសក្នុងឱកាសអបអរខួប៣០ឆ្នាំរបស់អម្រឹត ដែលកម្មវិធីពិសេសនេះបានផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សរុបជាទឹកប្រាក់ជាង ១.០០០លានរៀល រួមជាមួយរង្វាន់ធំរថយន្តទំនើប Ford Ranger Wildtrak 2022 ដល់អតិថិជនផងដែរ។​​

គូសបញ្ជាក់ផងដែរថា កម្មវិធីពិសេសអបអរខួប ៣០ឆ្នាំនេះ គឺជាកម្មវិធីធំបំផុត និងមិនធ្លាប់មានពីមុនមករបស់ អម្រឹត ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី០១ ខែកក្កដា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២១ មកម្លេះ ហើយកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ព្រម​ទាំង​ទទួល​បានការចូលរួមគាំទ្រពីសំណាក់អតិថិជនរបស់អម្រឹត​ជាច្រើនពាន់នាក់ និងមានសុក្រឹតភាព បំផុត។ ហើយក្នុងនោះអម្រឹតក៏បាន​រកឃើញ​អតិថិជនសំណាងចំនួន ១៨០ នាក់រួចមកហើយដែលម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៤លានរៀល ដោយ អតិថិជនទាំងអស់ធ្វើការ បើកគណនីក្មេងឆ្លាត ដំឡើងកម្មវិធី អម្រឹតម៉ូបាល ឬ ប្រើប្រាស់ឥណទានបុគ្គលរបស់ អម្រឹត ក្នុងអំឡុងកាលបរិច្ឆេទនៃកម្មវិធីប្រូម៉ូសិន។

បន្ទាប់ពីបានពិនិត្យ និងផ្ទៀតផ្ទាត់យ៉ាងម៉ត់ចត់ពីក្រុមគណកម្មការរបស់អម្រឹត ក៏ដូចជាតាមរយៈការផ្សាយផ្ទាល់ក្នុងគេហទំព័រផ្លូវការរបស់ Amret MFI នាពេលកន្លងមក អម្រឹត ក៏បានរកឃើញអតិថិជនដែលមានសំណាងចំនួន ១៤នាក់ ដែលក្នុងនោះ អតិថិជនទាំងអស់ត្រូវបានអញ្ជើញ​ចូលរួមក្នុ​ងកម្មវិធីចាប់រង្វាន់ធំរថយន្ត Ford Ranger Wildtrak 2022 នៅផ្សារទំនើប អ៊ីអន ម៉ល ដើម្បីស្វែងរកម្ចាស់សំណាងធំតែម្នាក់គត់​តែប៉ុណ្ណោះ។ ក្នុងខណៈនៃកម្មវិធីនោះដែរ អតិថិជនទាំង១៤ រូបត្រូវបានអញ្ជើញទៅក្នុងទូម៉ាស៊ីនបាញ់ប្រាក់ ដើម្បីធ្វើការចាប់ប្រាក់ ដែលមារយៈពេល ៣០វិនាទីក្នុងមួយនាក់។ បន្ទាប់ពីធ្វើការចាប់ប្រាក់រួច អតិថិជនម្នាក់ៗអាច ធ្វើការជ្រើសរើស សោឡាន ដែលមានចំនួន១៤ ម្នាក់មួយៗ ដែលក្នុងសោឡាននោះ មានតែសោឡានមួយប៉ុណ្ណោះ ដែលអាចចុចបញ្ជារថយន្តអោយបន្លឺសំលេងបាន។ សម្រាប់អតិថិជនដែលចុចបញ្ជាអោយឡាន បន្លឺសំលេង អតិថិជននោះ ត្រូវបានចាត់ទុកជាអ្នកឈ្នះរង្វាន់ធំ សម្រាប់អតិថិជន ១៣នាក់ដែលមិនបានឈ្នះ បានទទួលប្រាក់ ១,០០០ដុល្លារ ជាការលើកទឹកចិត្ត។

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Ford Ranger Wildtrak 2022 បានទៅលើអតិថិជនឈ្មោះ «លុន ឡៃយឹង»  ភេទ ស្រី មកពីខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសដ៏ពិសេស និងមហាសំណាងនេះផងដែរ ម្ចាស់រង្វាន់រថយន្ត Ford Ranger Wildtrak 2022  «លុន ឡៃយឹង»  ភេទ ស្រី មកពីខេត្តសៀមរាប បានថ្លែង ពីអារម្មណ៍ពិតថាខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់រកអ្វីប្រៀបផ្ទឹមមិនបានទេ ដោយបានឈ្នះរថយន្ត Ford Ranger Wildtrak 2022 ពីអម្រឹតពិតប្រាកដមែន ហើយកម្មវិធីប្រមូសិនពិសេសក្នុងឱកាសអបអរខួបទី៣០ របស់អម្រឹតនេះគឺមានភាពសុក្រឹត្ត និងយុត្តិធម៍បំផុតសម្រាប់អ្នកចូលរួម ហើយខ្ញុំក៏ជាអតិថិជន១រូបដែលតែងតែ ប្រើសេវាកម្មរបស់អម្រឹតផងដែរ។ ជាពិសេស ខ្ញុំក៏ដូចជាអតិថិជន ទាំង១៤ ផ្សេងទៀត ទទួលបាននូវការរាក់ទាក់ និងយកចិត្តទុកដាក់យ៉ាងល្អ ពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់អម្រឹត ដោយយើងទទួលបានការផ្តល់ជូននូវការធ្វើដំណើរ ស្នាក់នៅ និងជាពិសេសទទួលបានការស្វាគមន៍ ពីលោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតផ្ទាល់ ក៏ដូចជាការពិសាភោនីយអាហារ ជាមួយថ្នាក់ដឹករបស់អម្រឹតផងដែរ។ ជាចុងក្រោយខ្ញុំសូមជូនពរអម្រឹតឱ្យកាន់តែមានអតិថិជនគាំទ្រកាន់តែច្រើន និងរីកចម្រើនកាន់តែខ្លាំង៕

លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល៣០ឆ្នាំ​កន្លងមកនេះ អម្រឹត បានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ យើងបានវិវឌ្ឍន៍ខ្លួនពីគម្រោងឥណទានខ្នាតតូចដែលបានផ្ដួចផ្ដើមដោយអង្គការបារាំងមួយកាលពីឆ្នាំ១៩៩១ ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា​ ដែលមានអតិថិជនសរុបជាងកន្លះលាននាក់។»

លោកបានបន្តថា៖ «ការដាក់ចេញកម្មវិធីប្រូម៉ូសិនអបអរខួប៣០ឆ្នាំនេះឡើង គឺមានគោលដៅចម្បងក្នុងការអបអរសាទរដល់សមិទ្ធផលសំខាន់ៗដែល អម្រឹត សម្រេចបានក្នុងរយៈពេល៣០ឆ្នាំមកនេះ ក៏ដូចជារួមចំណែកជំរុញការលូតលាស់វិស័យហិរញ្ញវត្ថុ ដែលបានបង្អាក់ដោយការរីករាលដាលនៃជំងឺកូវីដ១៩។»

ឆ្លៀតក្នុងឱកាសនេះ «ខ្ញុំសូមអបអរសាទរដល់ម្ចាស់សំណាងរង្វាន់ធំរថយន្ត Ford Ranger Wildtrak 2022 និងអរគុណដល់អតិថិជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីប្រមូសិនពិសេសរបស់អម្រឹត ក៏ដូចជាបាន​អញ្ជើញ​ចូលរួមក្នុងកម្មវិធីចាប់រង្វាន់នារាត្រីនេះផងដែរ។»

 

 

អំពីអម្រឹត

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និង ទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និងឥណទានខ្នាតមធ្យមសម្រាប់ សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះ អម្រឹត បានបង្កើតឲ្យមានសេវាផ្សេងៗទៀត ដូចជា ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់ក្នុងស្រុកដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល។

 

សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ amret.com.

Share To:

Recent News

ព័ត៌មានតាមឆ្នាំ