អម្រឹត គាំទ្រយុវជនកម្ពុជាស្វែងយល់ពីប្រវត្តិសាស្រ្ត និងចំណេះដឹងហិរញ្ញវត្ថុ តាមរយៈគម្រោង «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់»
Jul 24, 2026
ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ – គ្រឹះស្ថាន អម្រឹត និង សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និង រូបិយវត្ថុខ្មែរ តាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយៈពេល ៣ ឆ្នាំ ។

អនុស្សរណៈយោគយល់គ្នានេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំង២ ក្នុងការលើកកម្ពស់ការសិក្សារៀនសូត្រ និង ស្រាវជ្រាវនូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និង សង្គមក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា បានប្រព្រឹតិ្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ លោក Chien-Fa, Chuang ( លោក ម៉ាត់) ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន អម្រឹត និង លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថាន អម្រឹត និង មានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួនជាង ៣៦០ នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល សិ្ថតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

អម្រឹត ជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ឆ្នាំ មានការប្តេជ្ញាចិត្តដ៏រឹងមាំ និង យូរអង្វែងក្នុងការគាំទ្រផ្នែកអប់រំ តាមរយៈការចូលរួមឧបត្ថម្ភ និងគាំទ្រនូវគម្រោង និងគំនិតផ្តួចផ្តើមនានា។ គម្រោងនេះ នឹងក្លាយជាមូលដ្ឋានចំណេះដឹងដ៏រឹងមាំមួយសម្រាប់យុវជនជំនាន់ក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព។

ជាកិច្ចចាប់ផ្តើមក្នុងភាពជាដៃគូលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ សិស្សានុសិស្សចំនួន ៣៥០ នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល សិ្ថតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដឹកនាំដោយតំណាងលោកគ្រូអ្នកគ្រូ តំណាងមន្ទីរអប់រំស្រុក និង នាយកសាលា បានធ្វើដំណើរទស្សនកិច្ចសិក្សាមក សារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្តល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និង សង្គមក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។ នៅក្នុងនោះដែរ គ្រឹះស្ថាន អម្រឹត ក៏បានឧបត្ថម្ភ ថេបប្លែត (Tablet) ជូនសិស្សានុសិស្ស និង កុំព្យូទ័រយួរដៃ (Laptop) ជូនការិយាល័យអប់រំស្រុក និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្រៀន និងការសិក្សារបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងសាលារៀន និងការិយាល័យអប់រំស្រុក។

នេះ គឺជាទស្សនកិច្ចសិក្សាជាលើកដំបូង ដែលគ្រោងនឹងរៀបចំជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ឆ្នាំទៅមុខ។ សម្រាប់ការចំណាយពាក់ព័ន្ធផ្សេងៗ រួមមានថ្លៃធ្វើដំណើរ សំបុត្រចូលទស្សនាសារមន្ទីរ ស.ស.រ និង ការរៀបចំសកម្មភាពនានា ត្រូវបានគាំទ្រដោយថវិកាដែលផ្តល់ពីគ្រឹះស្ថាន អម្រឹត សម្រាប់រយៈពេល ៣ ឆ្នាំ ។




អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Jul 21, 2026
May 28, 2026
May 24, 2026