• Home
  • ព័ត៌មាន
  • កសិករ នៅ ខេត្តតាកែវ ទ ទួល ផល ធំធេង ពី វិធីសាស្ត្រ ធ្វើ កសិកម្ម បែប ទំនើប ដើម្បី ធ្វើ ឲ្យ ជីវភាព កាន់តែប្រសើរ

កសិករ នៅ ខេត្តតាកែវ ទ ទួល ផល ធំធេង ពី វិធីសាស្ត្រ ធ្វើ កសិកម្ម បែប ទំនើប ដើម្បី ធ្វើ ឲ្យ ជីវភាព កាន់តែប្រសើរ

Jan 27, 2021

អ្នកស្រី ប្រុក លី គឺជាកសិករជំនាន់ថ្មីនៅខេត្តតាកែវបានចែករំលែកបទពិសោធរបស់គាត់អំពីវិធីសាស្ត្រធ្វើកសិកម្មបែបទំនើបទៅលើការដាំដុះស្រូវរដូវប្រាំងដែលធ្វើឱ្យគាត់ទទួលបានទិន្នផលដ៏គាប់ប្រសើរ។

តើអ្នកស្រីបានចាប់ផ្តើមអាជីវកម្មនេះយ៉ាងដូម្តេច?
រស់នៅក្នុងសហគមន៍កសិកម្មជាច្រើនជំនាន់ ការធ្វើកសិកម្មបានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រុមគ្រួសាររបស់យើង។ ខ្ញុំបានចាប់ផ្តើមធ្វើស្រែរដូវប្រាំងកាលពី ១០ ឆ្នាំមុន នៅលើដីស្រែតូចមួយដែលឪពុកម្តាយខ្ញុំបានឱ្យជាចំណងដៃអាពាហ៍ពិពាហ៍របស់ខ្ញុំ។យូរៗទៅការធ្វើស្រែរបស់ខ្ញុំត្រូវបានពង្រីករហូតដល់ ១០ ហិកតា ដែលអាចផលិតស្រូវបានចំនួន ១០០ តោនជារៀងរាល់ឆ្នាំ។ដោយទទួលបានកម្ចីហិរញ្ញប្បទានកសិកម្មពីមីក្រូហិរញ្ញវត្ថុអម្រឹត ខ្ញុំអាចពង្រីកអាជីវកម្មកសិកម្មរបស់ខ្ញុំយ៉ាងឆាប់រហ័ស ក្រោយមកទៀតក៏បានធ្វើកសិដ្ឋានចិញ្ចឹមត្រីទឹកសាបហើយថ្មីៗនេះចូលទៅក្នុងអាជីវកម្មសម្បុកត្រចៀកកាំ ១ ទៀត។

តើអ្នកស្រីអាចប្រាប់យើងអំពីវិធីសាស្ត្រធ្វើកសិកម្មដែលអ្នកស្រីអនុវត្តបានឬទេ?តើវាបានជួយដល់គុណភាពទិន្នផលយ៉ាងដូចម្តេច?
វិធីសាស្ត្រធ្វើកសិកម្មបច្ចុប្បន្នដែលត្រូវបានអនុវត្តនៅក្នុងការធ្វើស្រែចម្ការរបស់ខ្ញុំគឺមិនខុសគ្នាខ្លាំងពីការអនុវត្តវិធីសាស្ត្រដាំដុះបែបធម្មតាប៉ុន្មានទេ។ភាពខុសគ្នាតែមួយគឺថាយើងធ្វើការពិសោធជាប្រចាំជាមួយវិធីសាស្ត្រថ្មីៗ រួមបញ្ចូលការអនុវត្តវិធីសាស្ត្របែបទំនើបនៅក្នុងដំណើរការដាំដុះ។
រាប់ចាប់ផ្តើមពីការជ្រើសរើសពូជខ្ញុំបានធ្វើពិសោធជាមួយប្រភេទពូជផ្សេងៗគ្នាអស់រយៈពេលជាច្រើនឆ្នាំដើម្បីស្វែងរកពូជដែលសមស្របបំផុតសម្រាប់ការដាំដុះនៅស្រែចម្ការរបស់ខ្ញុំ។បន្ទាប់ពីសាកល្បងនៅតាមដីស្រែរួចខ្ញុំក៏បានសម្រេចចិត្តជ្រើសរើសពូជអូអឹម ៥៤៥១ ពីព្រោះវាងាយស្រួលដាំដុះ នឹងអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងបរិស្ថានក្នុងស្រុកក៏ដូចជាធន់នឹងជំងឺផ្សេងៗ ដែលជាលទ្ធផលធ្វើឱ្យយើងទទួលបានទិន្នផលកាន់តែខ្ពស់និងតម្លៃកាន់តែប្រសើរនៅលើទីផ្សារ។

ខណៈដែលការជ្រើសរើសពូជគឺមានសារៈសំខាន់ហើយនោះ ការរៀបចំដីក៏ជាដំណាក់កាលដ៏សំខាន់មួយដែរ ចំពោះការដាំដុះដែលរួមចំណែកដល់ការកែលម្អគុណភាព និងផលិតកម្មដំណាំ។ រៀបចំដីធ្វើឱ្យកម្រិតគុណភាពដីអាចជួយឱ្យសំណាបលូតលាស់បានស្រួល ដីរាបស្មើ ការពារកណ្តុរមិនឱ្យបំផ្លាញដំណាំ។បនា្ទប់មក ត្រូវសាបព្រោះគ្រាប់ពូជដោយប្រើម៉ាស៊ីនសាបព្រោះ ដើម្បីធានាថា ស្រូវមិនដុះគរលើគ្នាក្រាស់ពេក ឬស្តើងពេក ដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ស្រូវ។ បន្ទាប់មកផ្នែកសំខាន់បំផុត គឺការគ្រប់គ្រងស្មៅ និងការដាក់ជី។ ថ្នាំសម្លាប់ស្មៅត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងការរីកលូតលាស់របស់ស្មៅ ហើយជីត្រូវបានដាក់ជា ៣ ដំណាក់កាលផ្សេងៗគ្នា ដើម្បីជួយដល់ការលូតលាស់ និងផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់។
ប្រមាណ ៩០-៩៥ ថ្ងៃ ស្រូវចាប់ផ្តើមទុំល្មមអាចប្រមូលផលបាន។ នៅដំណាក់កាលនេះ ឈ្មួញនឹងមកដល់ស្រែរបស់ខ្ញុំដើម្បីចរចាតម្លៃហើយពួកគេនឹងទិញស្រូវដោយផ្ទាល់នៅឯស្រែផ្ទាល់តែម្តងបន្ទាប់ពីប្រមូលផលរួចភ្លាមៗ។

ផ្តើភាពជឿនលឿនក្នុងវិស័យកសិកម្មបានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នកស្រីដែរឬទេ?តើអ្នកស្រីយល់ថាការផ្លាស់ប្តូរអ្វីខ្លះដែលមានឥទ្ធិពលធំបំផុត?
វិស័យកសិកម្មមានការវិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។វាបានធ្វើឱ្យជីវិតកសិករកាន់តែមានភាពងាយស្រួលជាពិសេសអ្នកដែលមានស្រែចម្ការធំៗ។ជាមួយនឹងប្រព័ន្ធធារាសាស្ត្រទំនើបកសិករអាចផ្គត់ផ្គង់ទឹកដល់ស្រែចម្ការរបស់ពួកគេបានគ្រប់គ្រាន់ដោយប្រើម៉ាស៊ីនបូមទឹកដែលមានប្រសិទ្ធភាពនិងចំណាយតិច។

ខ្ញុំជឿថា ការជ្រើសរើសពូជចម្រុះគឺតំណាងឱ្យការជឿនលឿនដ៏សំខាន់មួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករ។ ពូជដំណាំសម័យទំនើបគឺមានភាពងាយស្រួលដាំដុះ ងាយសម្របខ្លួនទៅនឹងបរិស្ថានជុំវិញ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់។ លើសពីនេះទៀត ការប្រើប្រាស់ឧបករណ៍ដាំដុះ និងគ្រឿងចក្រកសិកម្មទំនើបបានធ្វើឱ្យការងាររបស់យើងមានភាពងាយស្រួលធ្វើស្រែចម្ការពេញ ១ រដូវដាំដុះ ការភ្ជួររាស់ ការធ្វើថ្នាលសំណាប ការគ្រប់គ្រងស្មៅ ការដាក់ជី និងការប្រមូលផល។
វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើស្រែចម្ការរបស់យើង ដោយមិនត្រឹមតែជួយសន្សំសំចៃពេលវេលារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃពលកម្ម ក៏ដូចជាជួយពង្រឹងគុណភាព និងបរិមាណផលិតផលដែលបានផលិតផងដែរ។ សហគមន៍ និងប្រជាជនរបស់យើងដើរតួនាទីយ៉ាងសំខាន់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ដែលយើងជួបប្រទះនៅក្នុងជីវិត និងអាជីវកម្ម។ ហើយជាការថ្លែងអំណរគុណដល់ឃុំកំណប់ សម្រាប់ការលើកទឹកចិត្ត និងការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំមានគម្រោងសាងសង់កន្លែងចម្រាញ់ទឹកស្អាតខ្នាតតូចឡើង ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារនៅក្នុងសហគមន៍។
លើសពីនេះទៀត ទឹកស្អាតដែលផលិតបាននឹងត្រូវរក្សាទុកនៅក្នុងស្រះសិប្បនិម្មិតទំហំ ១,៥ ហិកតា ដើម្បីចែកចាយដល់គ្រួសារនីមួយៗនៅក្នុងភូមិទាំង ៦ នៃឃុំកំណប់។ គម្រោងនៅសហគមន៍នេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការក្នុងរយៈពេល ៣ ឆ្នាំខាងមុខ នៅពេលមានការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធ។

តើជំនាញអ្វីដែលស្ត្រីត្រូវការដើម្បីក្លាយជាអ្នកជំនួញ ឬសហគ្រិនជោគជ័យ?
អ្វីៗគ្រប់យ៉ាងគឺចាប់ផ្តើមពីអ្នក! ជំហានដំបូង និងសំខាន់បំផុតដើម្បីក្លាយជាអ្នកជំនួញស្ត្រីជោគជ័យគឺត្រូវយល់ឱ្យច្បាស់អំពីក្តីសុបិនរបស់អ្នក ហើយជឿជាក់លើវា។ ដំណើររបស់អ្នកនឹងប្រឈមជាមួយបញ្ហា និងឧបសគ្គផ្សេងៗ ដូច្នេះត្រូវចងចាំថា គ្មានជោគជ័យណាកើតឡើងដោយគ្មានការតស៊ូនោះទេ។
នៅក្នុងការរៀបចំ អ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយបញ្ហាទាំងនោះ ហើយសូមកុំបោះបង់គោលដៅរបស់អ្នក សូម្បីតែពេលដែលអ្នកចាប់ផ្តើមសង្ស័យខ្លួនឯងក៏ដោយ។ ប្រសិន បើអ្នកបោះបង់ចោលនៅពេលជួបការលំបាក នោះអ្នកនឹងលះបង់ម្តងហើយម្តងទៀត ហើយអ្នកនឹងមិនអាចសម្រេចអ្វីបានទាំងអស់។ វាពិបាកប៉ុន្តែមិនមែនមិនអាចទៅរួចនោះទេ។ ការប្តេជ្ញាចិត្ត ការតស៊ូ និងជំនឿលើខ្លួនឯង គឺជាអ្វីដែលអ្នកត្រូវការ។ ក្រៅពីនេះ អ្នកជំនួញស្ត្រីដែលទទួលជោគជ័យ គួរតែចេះគិតពិចារណាជាមុន ស្វែងយល់ពីព័ត៌មានលម្អិត និងចេះរៀបចំផែនការ។ ការគ្រប់គ្រងការរៀបចំថវិកា និងជំនាញទំនាក់ទំនងក៏ចាំបាច់ផងដែរដើម្បីទទួលបានជោគជ័យ៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ